(ព្រៃវែង)៖ សេចក្តីរាយការណ៍ពីពលរដ្ឋនៅតំបន់ព្រំដែននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែងដឹងថា មានក្រុមឈ្មួញកំពុងសម្រុកដឹកសត្វជ្រូក រស់រាប់រយក្បាល តាមរថយន្តកូរ៉េធុនតូចជាច្រើនគ្រឿង ឆ្លងដែនទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ តាមច្រករបៀងប្រឡាយ ចន្លោះច្រកស្វាយអាង៉ោង និងពាមន្ទារស្ថិតនៅ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគ្មានមន្ត្រីត្រួតពិនិត្យ ធ្វើឲ្យពលរដ្ឋបារម្ភ ខ្លាចជ្រូកទាំងនោះមានជំងឺ ហើយក្រុមឈ្មួញបានអះអាងថា មានច្បាប់ដឹកជ្រូកពីប្រទេសថៃ ឆ្លងកាត់ថែមទៀតផង។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជ្រូករាប់រយក្បាលនេះ ជារបស់ឈ្មួញ៣រូប រួមមាន ថៅកែឡូវ ថៅកែតុង និងចែមុំ ដែលល្បីខាងនាំសត្វជ្រូកចេញទៅវៀតណាមតាមច្រករបៀង ដោយគ្មានការបង់ពន្ធ និងត្រួតពិនិត្យពីមន្ត្រីជំនាញ ប្រចាំច្រកព្រំដែនស្វាយអាង៉ោង និងពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ មិនតែប៉ុណ្ណោះ ថែមទាំងអះអាងថា ពួកខ្លួនស្គាល់ពេទ្យសត្វយ៉ាងជិតស្និតថែមទៀតផង។
ពលរដ្ឋដែលមានផ្ទះនៅតាមប្រឡាយអន្សោង ក្នុងភូមិអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក បានប្រាប់ថា មានឡានដឹកសត្វជ្រូករាប់សិបគ្រឿង ដែលដឹកតាមផ្លូវប្រឡាយអន្សោងនេះ ឆ្ពោះទៅវៀតណាម ដែលរថយន្តបើកលឿនៗ បង្កជាការហុយដីសំពោង ជះក្លិនស្អុយ និងសម្លេងរំខានគ្មានបានដេកពួកទេ ព្រោះបើថ្ងៃណាមានជ្រូកចុះច្រើន គឺមានឡានដឹកសត្វជ្រូកដឹក តាំងពីថ្ងៃត្រង់រហូតទល់យប់ជ្រៅក៏មាន នាំឲ្យពួកគាត់ខ្លាចសត្វជ្រូកទាំងនោះមានជំងឺឆ្លងរាលដាលដល់សត្វ និងមនុស្សផងដែរ។
ទាក់ទិនករណីខាងលើនេះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ដឹងថា បញ្ហាឈ្មួញនាំសត្វជ្រូក រស់ឆ្លងកាត់ហើយនាំចេញទៅក្រៅប្រទេស គឺត្រូវតែឆ្លងកាត់មន្ត្រីជំនាញពេទ្យសត្វ ត្រួតពិនិត្យឯកសារ និងចំនួនជ្រូកដើម្បីកាត់ស្តុក។ សត្វជ្រូកនេះ មានច្បាប់ និងក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅលក់នៅប្រទេសវៀតណាម ព្រោះនៅវៀតណាម ត្រូវការសាច់ដើម្បីផ្គត់ផ្គង់តម្រូវការ របស់ពលរដ្ឋប្រទេសគេផងដែរ។
ចំណែកលោក ចិន វិសាល មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីរកសិកម្មខេត្ត បានថ្លែងថា មានក្រុមហ៊ុនតែមួយគត់ដែលមានអាជ្ញាប័ណ្ណអនុញ្ញាតឆ្លងកាត់ ហើយជាឡានធុនធំប្រភេទយីឌុប ដែលមានសត្វជ្រូកចំនួន ៣០០ក្បាលក្នុងជើង។ ចំពោះរថយន្តកូរ៉េធុនតូចលួចដឹកជ្រូកដូចខាងលើនោះ គឺគ្មានច្បាប់នោះទេ តែក៏មិនខុសច្បាប់ដែរ ព្រោះពួកគេសេងជ្រូកពីឡានក្រុមហ៊ុនដែលមានច្បាប់។
តែជាក់ស្តែង សកម្មភាព នៃការដឹកសត្វជ្រូកហាក់ដូចជាខុសប្រក្រតី ព្រោះជ្រូកមិនបាននាំចេញតាមច្រកព្រំដែនផ្លូវការនោះទេ បែរជានាំចេញតាមប្រឡាយទឹក តាមទូកទៅវិញ ហើយរាល់សត្វជ្រូក ទាំងនោះមិនបានយកជ្រូកពីឡាន ក្រុមហ៊ុននោះទេ គឺដឹកតាមច្រកផ្សេងៗគ្នា មកពីខាងក្រៅ។
សូមបញ្ជាក់ថា សម្តេចក្រឡាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសរួចមកហើយថា មិនអនុញ្ញាតឲ្យនាំនូវផលិតផលសត្វ និងផលិតផលដែលមានដើមកំណើត ពីសត្វចេញចូលតាមច្រករបៀងទេ ទូទាំងប្រទេស ក៏ប៉ុន្តែឈ្មួញបាគប់គិត ជាមួយសមត្ថកិច្ចមន្ត្រីជំនាញ លួចនាំសត្វជ្រូករស់ពីប្រទេសថៃ ឆ្លងដែនចេញទៅប្រទេសវៀតណាម តាមច្រករបៀងដែលជាច្រកហាមឃាត់ដដែល៕