(ភ្នំពេញ)៖ ពីខ្ទមទៅជាផ្ទះល្អស្អាតមួយខ្នង ដែលជាការផ្តល់ជូនដល់លោកយាយទុគត៌ម្នាក់ ពីសំណាក់លោក ហ៊ុយ សាវឿន ឌេល និងភរិយា ព្រោះថាជីវិភាពរបស់គាត់កំពុងជួបការលំបាក់ ដែលស្ថិតនៅភូមិកាន់ទ្រុង សង្កាត់ពន្សាំង ព្រមទាំងបានឧបត្ថម្ភវិទ្យុទាក់ទង ជូនដល់រដ្ឋបាលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញផងដែរ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ៅ បូរ៉ា ប្រធានប្រឹក្សាខណ្ឌព្រែកព្នៅ, លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង, លោក ប៉ិន ថារ៉ាន់ នាយប៉ុស្តិ៍នគរបាលពន្សាំង និងមន្ត្រីជាច្រើនទៀតផងដែរ។ លោក ផាន សុភ័ណ្ឌ អនុប្រធាន ស.ស.យ.ក ពន្សាំង និងបងប្អូនកម្លាំងប្រជាការពារសង្កាត់ពន្សាំង ប្រជាការពារភូមិកាន់ទ្រុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដែលស្ថិតនៅភូមិកាន់ទ្រុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងនោះលោក ឈួន ឆាំ បានកោតសរសើរនូវទឹកចិត្ត និងថ្លែងអំណរគុណដល់លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា ដែលតែងតែជួយ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់ពន្សាំង ដូចស្រ្តីម៉េម៉ាយ ទីទ័លក្រ ក្មេងកំព្រា ចាស់ជរា ស្រ្តីសម្រាលកូន ពិធីបុណ្យសព (ឧបត្ថម្ភឈ្ឈូស) ចំពោះគ្រួសារក្រីក្រ ជាពិសេសលោកតែងគិតគូរដល់កម្លាំងប្រជាការពារសង្កាត់ពន្សាំង កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារនៅតាមបណ្តា ២៤ភូមិនេះ តែម្តង។
លោក ម៉ៅ បូរ៉ា ក៏សូមអំណរគុណដល់លោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរសជនដែលបានចូលរួមចំណែកក្នុងការសាងសង់ផ្ទះ ជូនលោកយាយនៅពេលនេះ ក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន ជាពិសេសជួយមូលដ្ឋាននៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សូមរូបលោកបន្តការងារមនុស្សធម៌នេះបន្តទៀត ព្រោះនេះ គឺជាអំពើដ៏ល្អដែលសង្គមនិងប្រទេសជាតិត្រូវការ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក ហ៊ុយ សាវឿន បានលើកឡើងថា សម្រាប់រូបលោកមិនមែនជាអ្នកមានទ្រព្យស្តុកស្តមអ្វីនោះទេតែនេះ គឺជាទឹកចិត្តរបស់លោក ដែលស្រឡាញ់ប្រជាពលរដ្ឋនៅដែលកំពុងជួបការលំបាក តាមអ្វីដែលរូបលោកជួយបាន គឺលោកជួយភ្លាម មិនថានៅក្នុងមូលដ្ឋាន និងនៅតាមបណ្តាខេត្តមួយចំនួន។
លោកបញ្ជាក់ថា រូបលោកមិនអាចចាំលោកមានទ្រព្យស្តុកស្តមហើយ ចាំជួយនោះទេ គឺជួយទៅតាមលទ្ធភាពរបស់លោកដែលអាចជួយទៅបាន ទោះបីតិចតួចមែន តែវាជាការរួមចំឡែកមួយសម្រាប់ពួកគាត់ដោះស្រាយមួយគ្រាផងដែរ ព្រោះថាមនុស្សយើងមើលមិនឃើញទេ រឿងសេចក្តីស្លាប់នោះ ចឹងហើយមានតែអំពើល្អនឹងហើយ តែយើងអាចយកទៅតាមខ្លួន ហើយជាពិសេសនោះ គឺសូមអរគុណដល់សុខសន្តិភាព បើគ្មានសន្តិភាពទេគឺគ្មានថ្ងៃនេះទេ។
សូមបញ្ជាក់ផងដែរថា វិទ្យុទាក់ទងដែលប្រគល់ជូនដល់រដ្ឋបាលសង្កាត់ពន្សាំង គឺមានតម្លៃ ៣០០ដុល្លារ និងការចំណាយសាងសង់ផ្ទះ ជូនលោកយាយ អស់២,០០០ដុល្លារ ដែលជាការចំណាយផ្ទាល់របស់លោក ហ៊ុយ សាវឿន និងភរិយា៕