(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់វិនិយោគគិនទាំងអស់នៅកម្ពុជា កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហា COVID-19 ព្រោះកម្ពុជាកំពុងមានវិធានការទប់ស្កាត់ហើយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេចអនុញ្ញាតឲ្យ លោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
លោក អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា លោកតាកាហាស៊ី បានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ ប្រទេសជប៉ុនវិញ ដោយសេចក្ដីសុខ។
លោក តាកាហាស៊ី ក៏បានគោរពជម្រាបជូន សម្ដេចតេជោអំពីស្ថានភាពទូទៅ ពាក់ព័ន្ធនឹងជំងឺខូវីដនៅប្រទេសជប៉ុន រួមទាំងករណីជំងឺខូវីដ នៅលើកប៉ាល់ Diamond Princess ហើយលោក ក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលលោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ទី១៖ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២៖ ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាងកាយ, ទី៣៖ គឺការជំរុញការវិនិយោគពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យមានភាពសកម្មឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកតាកាហាស៊ី ដែលបានចែករំលែក នូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺខូវីត។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីស្ថានភាពជាទូទៅនៃជំងឺកូវីដ ដែលទើបតែនឹងកើតឡើង នៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ក្នុងនេះដែរ សម្ដេចតេជោក៏បានជម្រាបជូន ប្រតិភូអំពីវិធានការទប់ស្កាត់ បញ្ហាក្នុងករណីដែលមានជំងឺខូវីដនេះ រយៈពេលខ្លី៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះ នៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក។
យ៉ាងណាក៏ដោយ សម្ដេចតេជោបានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគ ដែលទើបមកជួបសម្ដេច នៅពេលនេះ ដោយសុំកុំឲ្យមានការភ័យបារម្ភអ្វី លើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែ មានវិធានការទប់ស្កាត់ហើយ៕