(វ៉ាស៊ីនតោន)៖ ក្រុមឧទ្ទាម ISIS ដែលវាយដណ្តើមបានទឹកដីមួយភាគធំនៅប្រទេសអ៉ីរ៉ាក់ និងស៊ីរី កំពុងធ្លាក់ចុះខ្សោយ ប៉ុន្តែអាចនឹងបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរសម្រាប់លោកខាងលិច ដោយពួកគេនឹងបង្កើនការវាយប្រហារនៅក្នុងឆ្នាំ២០១៦ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញសហរដ្ឋអាម៉េរិក ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ។
ស្ថានភាពនាពេលថ្មីៗនេះបានបង្ហាញថា ពួកឧទ្ទាម ISIS កំពុងតែចុះខ្សោយ ប៉ុន្តែមានមធ្យោបាយតែមួយគត់ដែលត្រូវធ្វើ គឺបង្កើនឥទ្ធិពលរបស់ខ្លួនទាំងនៅក្រៅតំបន់មជ្ឈឹមបូព៌ា ដោយបង្កើនការវាយប្រហារលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។
សូមជម្រាបថា សហរដ្ឋអាម៉េរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកបង្ក្រាបពួកឧទ្ទាម ISIS អស់រយៈពេលពេញមួយឆ្នាំ ដោយបារម្ភខ្លាចភេរវករទាំងនោះ ប្រើប្រាស់មូលដ្ឋានរបស់ខ្លួនដើម្បីរៀបចំគម្រោងវាយប្រហារលោកខាងលិច ដូចដែលពួកអាល់កៃដា ធ្លាប់ប្រើប្រាស់មូលដ្ឋាននៅអាហ្គានីស្ថាន និងប៉ាគីស្ថាន ដើម្បីវាយប្រហារនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមនុស្សស្លាប់ជាង ៣០០០នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ៕