(ក្រចេះ)៖ ពលរដ្ឋស្រុកស្នួល ខេត្តក្រចេះ បានស្នើសុំឲ្យថ្នាក់នាំ និងតុលាការខេត្ត មេត្តាពន្លឿនជួយដោះស្រាយសំណុំរឿងរបស់លោក នី ហេង ម្ចាស់អាជីវកម្មបេនឡាន ក្រចេះ-ស្នួល ដែលសាលាឧទរណ៍បានសម្រេចឲ្យឈ្នះ តែតុលាការមិនទាន់បានអនុវត្តក្នុងរយៈជិត ៣ខែមកហើយ ដែលការយឺតយ៉ាវនេះ បានជំរុញឲ្យលោក នី ហេង ដាក់ពាក្យទៅរដ្ឋបាលស្រុកស្នួល សុំផ្អាកការសាងសង់សាលារៀន និងផ្លូវបេតុងមួយចំនួននៅស្រុក ប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ និងរៀនសូត្ររបស់កូនក្មេង។
ពលរដ្ឋបន្តទៀតថា ចំពោះទឹកចិត្តសប្បុរធម៌របស់ម្ចាស់វិនិយោគផ្សារ និងចំណតរថយន្ត ក្រចេះ-ស្នួល ដែលបានជួយសាងសង់ផ្លូវបេតុងជុំវិញផ្សារ ផ្លូវកៅស៊ូ ផ្លូវលំ ប្រព័ន្ធលូបង្ហូរ ប៉ុស្តិ៍នគរបាលរដ្ឋបាល សាលារៀន រួមនិងសមិទ្ធផលនានាបន្ថែមទៀតដែរ ក្នុង១ឆ្នាំៗអស់ថវិកាជាច្រើន។
ម្ចាស់វិនិយោគផ្សារ និងចំណតរថយន្ត ក្រចេះ-ស្នួល បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដែលទទួលបានពីមុខរបរ ក្នុងការចូលរួមចំណែកជួយការងារសង្គម ក៏ដូចជា ការងាររដ្ឋបាលស្រុកស្នួលផងដែរ។ ក្នុងនោះ លោកបានជួយកសាង និងធ្វើការអភិវឌ្ឍន៍ទីប្រជុំជនផ្សារ ឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ងាយចរាចរណ៍ចេញចូល និងជួយសង្រ្គោះផងដែរ ដោយមានការចាក់សាបផ្លូវ ឬបេតុង ក្នុងនិងជុំវិញផ្សារ ប្រព័ន្ធលូបង្ហូរ ផ្លូវកៅស៊ូ ឬផ្លូវលំសាធារណៈសាលារៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាដើម។
ទន្ទឹមនឹងការងារ បាននិងកំពុងដំណើរការសាងសង់នោះ ក៏ត្រូវបានផ្អាកវិញ ដោយបញ្ហាទំនាស់រវាងលោកជាម្ចាស់វិនិយោគបេនឡាន ជាមួយអ្នកទទួលផ្ទេរសិទ្ធិបន្ត ដោយមិនបានអនុវត្តន៍ ទៅតាមច្បាប់លក្ខខណ្ឌ ដែលបានកំណត់បែងចែង និងធ្វើការរលោភបំពានពីភាគីទទួលផ្ទេរសិទ្ធិ។ ហេតុនេះហើយ លោកក៏បានដាក់ពាក្យប្តឹងតវ៉ាទៅតុលាការឧទ្ធរណ៍ ហើយតុលាការសម្រេច ឲ្យលោក នី ហេង ឈ្នះក្តី និងមានសិទ្ធវិនិយោគវិញ តែតុលាការខេត្តក្រចេះ បានអនុវត្តច្បាប់ជូនលោកមានយឺតយាវ ធ្វើឲ្យលោកខកខានមុខរបរ ក៏ដូចជាការងារសង្គមផងដែរ។
លោកថា ហេតុតែលោកសុំផ្អាកការសាងសង់នេះដោយលោកមានរឿងអយុត្តិធម៌ ហើយលោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានកាត់ឲ្យលោកឈ្នះក្ដីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។ លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោកបានទៅដាក់ពាក្យសុំនៅតុលាការខេត្តក្រចេះឲ្យអនុវត្តបេនប្រគល់ជូនលោកវិញ តែរហូតមកដលពេលនេះមិនទាន់បានអនុវត្តសោះ។
លោកបានបញ្ជាក់ថា «មានភាពលំអៀងអយុត្តិធម៌ ព្រោះជាម្ចាស់ច្បាប់ដេញថ្លៃ ហើយតុលាឧទ្ធណ៍បានកាត់ឲ្យឈ្នះទៀត តែតុលាការខេត្តនៅមិនទាន់អនុវត្តឲ្យុំ។ តុលាការលើកពេលពីមួយទៅមួយ អ្នកឈ្នះមានច្បាប់ទម្លាប់ត្រឹមត្រូវ អង្គុយខាងក្រៅ អ្នកអត់មានច្បាប់ដើរប្រមូលលុយគ្រប់សព្វបែបយ៉ាង»។
លោក នី ហេង បានបញ្ជាក់ថា បើតុលាការសម្រេចអនុវត្តជូនលោក នោះនឹងបន្តធ្វើតាមការស្នើសុំពីបងប្អូនប្រជាពលរដ្ឋនៅស្រុកស្នួល អាជ្ញាធរ ឃុំស្រុក ខេត្ត ដើម្បីឲ្យជួយសម្រួលធ្វើផ្លូវ សាលារៀនឲ្យកូនក្មួយនៅត្រពាំងលាក់បានរៀនសូត្របន្តទៀត។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ Fresh News មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីតុលាការខត្តក្រចេះបាននោះទេ ចំពោះភាពយឺតយ៉ាវលើករណីនេះ៕