(បន្ទាយមានជ័យ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រា្កបករណីនាំចូល ស្តុកទុក ចែកចាយភេសជ្ជៈ អូអិឈិ (OISHI) ខុសច្បាប់នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុន HSC BEVERAGES CO.,LTD (អេច អេស ស៊ី បេវេរិច) និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ។
ក្នុងពេលចុះឆែកឆេរនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះរកឃើញ និងដកហូតភេសជ្ជៈម៉ាកអូអិឈិ (OISHI) ខុសច្បាប់ចំនួន ៤០កេស យកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ ធឿន ធារ៉ា ភេទស្រី អាយុ២១ឆ្នាំ និងកម្មករម្នាក់ទៀតមកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះក៏មានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
ជាងនេះទៅទៀត ក្រុមហ៊ុន HSC BEVERAGES CO.,LTD (អេច អេស ស៊ី បេវេរិច) ក៏បានសូមអំពាវនាវដល់អាជីវករទាំងអស់ ត្រូវទទួលទិញតែផលិតផលភេសជ្ជៈម៉ាកអូអិឈិ (OISHI) ស្របច្បាប់របស់ក្រុមហ៊ុនជៀសវាងការប្រព្រឹត្តនូវទង្វើខុសច្បាប់ ដែលអាចនាំឲ្យមានទោសទណ្ឌ៕