(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅ របស់ក្រសួងពាណិជ្ជកម្ម។ នេះបើតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ អំពីការរៀបចំ និងប្រព្រឹត្ដទៅរបស់ក្រសួងពាណិជ្ជកម្ម។ អនុក្រឹត្យនេះ មានគោលដៅកំណត់ អំពីបេសកកម្ម មុខងារ ភារកិច្ច និងរចនាសម្ព័ន្ធដូចខាងក្រោម៖
* រៀបចំបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម
* រៀបចំមុខងារ និងភារកិច្ចអង្គភាពនានារបស់ក្រសួងពាណិជ្ជកម្ម
* ធានាគុណភាព និងប្រសិទ្ធភាពនៃលទ្ធផលបំពេញការងារ ក្នុងវិស័យពាណិជ្ជកម្ម។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ដចំពោះគ្រប់អង្គភាព នៃក្រសួងពាណិជ្ជកម្ម ទាំងនៅថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ អង្គភាពក្រៅប្រទេស និងសហគ្រាសសាធារណៈ ដោយគ្របដណ្ដប់លើវិស័យពាណិជ្ជកម្មកម្ពុជា។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អនុក្រឹត្យនេះ សំខាន់ធំបំផុត គឺការប្ដូរឈ្មោះ អគ្គនាយកដ្ឋានកាំកុងត្រូល ទៅជាអគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអគ្គនាយកដ្ឋានផ្សេងៗទៀត មានការកែប្រែភារកិច្ចខ្លះៗ ដើម្បីឲ្យស្របទៅតាមសភាពការណ៍៕
ខាងក្រោមនេះ ជាអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖