(កំពង់ធំ)៖ ផ្អែកតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជារឲ្យលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺផ្ដាសាយបក្សីនៅតាមទីសត្តឃាតដ្ឋាន និងទីផ្សារ ក្នុងខេត្តកំពង់ធំ ដែលមាន៩ ក្រុង ស្រុក ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
លោក តាន់ ម៉េងឆាង បានបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគការពារជំងឺផ្តាសាយបក្សី នឹងប៉េសអាហ្វ្រិកនេះ គឺធ្វើឡើងនៅទីសត្តឃាតដ្ឋាន និងទីផ្សារទាំង៩ក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ជារៀងរាល់មួយសប្តាហ៍ម្តងៗ ព្រមទាំងបានបាញ់ទៅលើរថយន្ត រ៉ឺម៉ក ដែលបានដឹកសត្វចូលមកទីសត្វឃាត ហើយនេះគឺជាវិធានការមួយក្នុងការការពារ ការឆ្លងរីករាលដាល ទៅដល់សត្វដែលបានដឹកជញ្ជូនមកពីប្រភពខាងក្រៅ។
លោក តាន់ ម៉េងឆាង បានបន្តថា សត្វដែលបានដឹកជញ្ជូនពីក្រៅខេត្តផ្សេងៗមកចូលក្នុងខេត្តកំពង់ធំ មុននឹងកាប់សម្លាប់ត្រូវបានពិនិត្យសុខភាព និងត្រួតពិនិត្យ ទៅលើអាជ្ញាប័ណ្ណនាំចូលបានត្រឹមត្រូវ ដើម្បីគិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក តាន់ ម៉េងឆាង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការជាមួយមន្ត្រីជំនាញ និងចាត់វិធានការការពារជំងឺឆ្លង ក៏ដូចជាមុននឹងទិញសាច់ត្រូវពិនិត្យមើលថា តើសាច់ណាមានការបោះត្រាខាងពេទ្យសត្វហើយរឺនៅ៕