(ភ្នំពេញ)៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ក្រសួងក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។
ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។