(ភ្នំពេញ)៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីត១៩ (COVID-19) ចំនួន១២នាក់ថ្មីទៀត។ អ្នកឆ្លងជំងឺថ្មីទាំង១២នាក់ មាននៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា អ្នកឆ្លងថ្មីជាខ្មែរ-ឥស្លាម ១១នាក់ គឺជាជនដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីសរុបចំនួន៧៩នាក់។
ក្រសួងបានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា បូកទាំងករណីថ្មី១២នេះផង អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ។ អ្នកទាំង២៤នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣, ២៤៖ បុរសខ្មែរឥស្លាម អាយុ ៧៥ឆ្នាំ និង ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំ។