(ភ្នំពេញ)៖ ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តអំពាវនាវដល់កសិករដែលដាំស្វាយ ចងក្រងគ្នាជាក្រុម ឬសហគមន៍ ហើយទៅចុះបញ្ជីនៅមន្ទីរកសិកម្ម ដើម្បីងាយស្រួលក្នុងការស្វែងរកទីផ្សារ ជៀងវាងដាំបានផល តែលក់ចេញវិញបានតម្លៃថោក ឬរកទីផ្សារគ្មាន។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី មានករណីការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ «អ្នកជំនួញស្រុកល្វាឯម» ចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការចាក់ស្វាយចោលដោយសារស្វាយមានតម្លៃថោក។
បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ «អ្នកជំនួញស្រុកល្វាឯម» បានបង្ហោះរូបភាពស្តីពីការចាក់ស្វាយចោល និងសរសេរថា «ពេលស្វាយថោក មនុស្សរឹតតែថោកជាងស្វាយទៀត» អគ្គនាយកដ្ឋានកសិកម្ម បានចាត់តាំងមន្រ្តីជំនាញរបស់នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ដើម្បីចុះស្រាវជ្រាវស្វែងរកការពិតអំពីបញ្ហានេះ។
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងាររបស់នាយកដ្ឋាន ដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុកល្វាឯម និងលោកមេឃុំភូមិធំ បានចុះទៅជួបលោកស្រី នៅ ស៊ីនឿន ប្រពន្ធរបស់លោក ឡាយ សម្ផស្ស ដែលជាអ្នកបង្ហោះ Facebook ស្ថិតនៅភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីសាកសួរព័ត៌មាន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១៖ តាមការផ្តល់ព័ត៌មានពីលោកស្រី នៅ ស៊ីនឿន ប្រពន្ធរបស់អ្នកបង្ហោះសារវីដេអូនោះ បានមានប្រសាសន៍ថា រូបភាពផ្លែស្វាយដែលប្តីរបស់គាត់បានបង្ហោះ ស្ថិតនៅក្នុងចំការស្វាយ នៅភូមិព្រះប្រសព្វ ឃុំព្រះប្រសព្វ ស្រុកឆ្លូង ខេត្តក្រចេះ។ ដោយសារខ្វះបច្ចេកទេសក្នុងការថែទាំ អាកាសធាតុក្តៅ ការស្រោចស្រពទឹកមិនបានគ្រប់គ្រាន់ ធ្វើឱ្យផ្លែស្វាយមានទំហំតូច ភាគច្រើនមានជំងឺ មិនត្រូវតាមស្តង់ដារ ឈ្មួញទិញយកបានតែ២០-៣០% ប៉ុណ្ណោះ ហើយផ្លែស្វាយដែលមិនត្រូវខ្នាត ត្រូវបង្ខំចិត្តចាក់ចោល ដោយសារឈ្មួញមិនទិញ។
២៖ បច្ចុប្បន្នផ្លែស្វាយទូទៅនៅស្រុកល្វាឯម (ស្វាយមិនខ្ចប់) មានតម្លៃត្រឹមតែ២០០-៣០០ រៀល/គីឡូក្រាម ប៉ុន្តែផ្លែស្វាយខ្ចប់ត្រឹមត្រូវតាមបច្ចេកទេសមានតម្លៃ ១០០០រៀល/គីឡូក្រាម
៣៖ បច្ចុប្បន្នក្រុមហ៊ុនបឹងកេតកែច្នៃដំណាប់ផ្លែឈើ របស់លោកឧកញ៉ា ហេង ឡុង នៅខេត្តកំពង់ស្ពឺ ទិញផ្លែស្វាយក្នុងតម្លៃត្រឹមតែ៥៥០រៀល/គីឡូក្រាម (ផ្លែស្វាយលេខ ២ និងលេខ៣)។
៤៖ លោកឧកញ៉ា ហេង ឡុង បានឱ្យដឹងថា តាមការប៉ាន់ស្មាននៅរដូវប្រមូលផលផ្លែស្វាយបាននាំចេញទៅ ប្រទេសវៀតណាម ប្រមាណ៤០០ ទៅ៥០០តោន/ថ្ងៃ ប៉ុន្តែដោយសារជំងឺ កូវីដ១៩ (Covid-19) ទីផ្សារចិនមិនសូវដំណើការ ហើយទីផ្សារវៀតណាមក៏កកស្ទះ ដែលនាំឱ្យផ្លែស្វាយកម្ពុជា មានបញ្ហាទីផ្សារ ដោយធ្វើឱ្យតម្លៃធ្លាក់ចុះ។
៥៖ តាមការប៉ាន់ស្មាន រោងចក្រកែច្នៃទាំងអស់នៅកម្ពុជា អាចទិញផ្លែស្វាយចូលសម្រាប់កែច្នៃប្រមាណ ត្រឹមតែ ២០០-៣០០តោន/ថ្ងៃ តែប៉ុណ្ណោះ។
៦៖ កសិករគួរចងក្រងក្រុមផលិត និងសហគមន៍ រួចចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីងាយស្រួយរៀបចំផែនការផលិតកម្មជាលក្ខណៈប្រមូលផ្តុំ ងាយស្រួលបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ស្របតាមស្តង់ដារ និងការផ្សារភ្ជាប់ទីផ្សារតាមរយៈការចុះកិច្ចសន្យាទិញលក់។
សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា៕