(ប៉ារីស)៖ យោងតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលបារាំង បានសម្រេចបិទប្រទេសទាំងស្រុងលែងឱ្យប្រជាជនចេញពីផ្ទះ លើកលែងតែករណីចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរីករាតត្បាតនៃជំងឺផ្លូវដង្ហើមថ្មី COVID-19។
ប្រទេសបារាំង កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាតត្បាតនៃជំងឺមួយនេះ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា ប្រទេសបារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៥,៤៣៧នាក់ ហើយមនុស្ស ១២៧នាក់ហើយ បានស្លាប់បាត់បង់ជីវិត។
លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅយប់ថ្ងៃចន្ទ ទី១៦ ខែមីនា បានចេញមុខថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាជនបារាំងសារជាថ្មីម្តងទៀត ជុំវិញវិធានការថ្មី ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ លោកប្រធានាធិបតីបារាំងបានប្រកាសឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេសបារាំងស្ថិតនៅតែក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែក្នុងករណីចាំបាច់បំផុត។ លោកក៏បានលើកឡើងផងដែរ ម្តងហើយម្តងទៀតថា បារាំងនៅពេលនេះ "កំពុងស្ថិតក្នុង «ស្ថានភាពសង្រ្គាម» គឺសង្រ្គាមទល់នឹងមេរោគកូរ៉ូណាថ្មី។
បើតាមតាមការចេញផ្សាយរបស់ RFI នៅក្នុងសេចក្តីថ្លែងសារនោះ លោក ម៉ាក្រុង ដែលបានថ្លែងបញ្ជាក់ថា «គ្រប់កន្លែងទាំងអស់ បូករួមទាំងនៅតាមដែនដីនាយសមុទ្រផង ការធ្វើដំណើរចេញទៅក្រៅផ្ទះអាចធ្វើតែបានតែនៅក្នុងករណីចាំបាច់បំផុតតែប៉ុណ្ណោះ ដូចជាករណីចាំបាច់ត្រូវចេញទៅទិញម្ហូបអាហារ ហើយក៏ត្រូវមានវិន័យផងដែរ គឺត្រូវឈរឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រ ហើយមិនត្រូវចាប់ដៃគ្នា, ករណីចាំបាច់ត្រូវទៅពេទ្យ, ករណីចាំបាច់ត្រូវទៅធ្វើការ ក្នុងករណីដែលការធ្វើការពីផ្ទះមិនអាចធ្វើទៅបាន និងការចេញទៅក្រៅធ្វើកីឡា ហើយក្នុងករណីនេះ ក៏មិនអនុញ្ញាតឲ្យទៅជួបមិត្តភ័ក្តិ ឬសាច់ញាតិនោះដែរ»។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោកប្រធានាធិបតីបារាំង ក៏បានលើកឡើងផងដែរថា បារាំង «កំពុងស្ថិតក្នុងស្ថានភាពសង្រ្គាម» គឺសង្រ្គាមប្រឆាំងនឹងមេរោគកូរ៉ូណា។
ក្នុងស្ថានភាពនេះ លោកប្រធានាធិបតីបារាំងបានសម្រេចលើកពេលនៃការបោះឆ្នោតឃុំសង្កាត់ជុំទី២ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យក្រោយ ចំណែកអង្គភាពពេទ្យទាហាននឹងត្រូវបញ្ជូនឲ្យចេញជួយពេទ្យស៊ីវិល នៅតាមតំបន់ដែលកំពុងប្រឈមនឹងកូវីដ១៩ខ្លាំងជាងគេ ហើយក្នុងពេលជាមួយគ្នា លោកម៉ាក្រុងក៏បានប្រកាសផងដែរថា ដោយមានការព្រមព្រៀងគ្នាជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ចាប់ពីថ្ងៃត្រង់ថ្ងៃអង្គារនេះទៅ ព្រំដែន រវាងសហភាពអឺរ៉ុប និងប្រទេសក្រៅអឺរ៉ុប នឹងត្រូវបិទជាបណ្តោះអាសន្ន រយៈពេល ៣០ថ្ងៃ។
ចំពោះសហគ្រាសឯកជនវិញ លោកម៉ាក្រុងបានប្រកាសពន្យារការបង់ពន្ធ និងវិភាគទានផ្សេងទៀត ចំណែកឯការបង់ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃជួលអគារក៏ត្រូវផ្អាកជាបណ្តោះអាសន្ន។ ដូចគ្នាដែរចំពោះបំណុលដែលសហគ្រាសជំពាក់ធនាគារ ហើយដែលដល់ពេលសង ក៏ត្រូវលើកពេលសង ដោយរដ្ឋជាអ្នកចេញមុខធានាបំណុល ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៣០០ពាន់លានអឺរ៉ូ។
លោកប្រធានាធិបតីបារាំងបានសន្យាថា រដ្ឋាភិបាលនឹងមិនទុកបណ្តោយឲ្យក្រុមហ៊ុនបារាំងណាមួយ ទោះជាក្រុមហ៊ុនធំ ឬតូចប៉ុណ្ណោះក៏ដោយ ត្រូវប្រឈមនឹងការក្ស័យធន ដោយសារតែវិបត្តិកូវីដ១៩នេះជាដាច់ខាត ចំណែកឯប្រជាជនទូទៅ ដែលត្រូវប្រឈមនឹងការអត់ការងារធ្វើដោយសារតែក្រុមហ៊ុនផ្អាកសកម្មភាព ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ ក៏រដ្ឋនឹងចេញមុខបើកប្រាក់ខែឲ្យទាំងស្រុងផងដែរ៕