(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានជំរុញឱ្យសិស្សានុសិស្ស ជាពិសេសអ្នកត្រូវប្រលងមធ្យមសិក្សាទុតិយភូមិនោះ ប្រឹងប្រែងសិក្សាដោយខ្លួនឯង ក្នុងកំលុងពេលក្រសួងអប់រំដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ (COVID-19)។
សម្រាប់សិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ជាពិសេសអ្នកត្រូវប្រលង លោកអភិបាលខេត្ត បានណែនាំឱ្យពួកគេស្វះស្វែងរកការសិក្សាតាមប្រព័ន្ធអនឡាញដែលក្រសួងបានរៀបចំ។ ដោយឡែកសិស្សនៅថ្នាក់បឋមវិញ លោកអភិបាលខេត្ត បានទទូចឱ្យអាណាព្យាបាលជួយណែនាំ និងបង្ហាត់បង្រៀនកូននៅផ្ទះ តាមសៀវភៅកម្មវិធីអប់រំដែលសាលាចែកជូន។
ការដាស់តឿន និងក្រើនរំលឹករបស់អភិបាលខេត្តរតនគិរី បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្នុងពេលជួបជាសំណេះសំណាលមួយសិស្សជ័យលាភីលេខ១ ផ្នែកអាន ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណានលើកទី៥ និងសិស្សពូកែជ័យលាភីលេខ១ ដល់លេខ៣ ថ្នាក់ទៅ៩ និងទី១២ ថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០១៩-២០២០។
ក្រៅពីផ្តល់ដំបូន្មាន នឹងជំរុញឱ្យមានការប្រឹងប្រែងសិក្សាដោយខ្លួនឯងក្នុងអន្តរកាលនៃរីករាលដាលជំងឺកូវីត១៩នេះ លោក ថង សាវុន ក៏បានអំពាវនាវទៅកាន់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលត្រូវបន្តជួយជំរុញកូនៗតាមគ្រប់មធ្យោបាយឱ្យរក្សាអនាម័យជាប់ជាប្រចាំ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះសុខមាលភាព និងការធ្វើដំណើរទៅទីកន្លែងមានមនុស្សច្រើន ដើម្បីចៀសវាងពីការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានផ្តល់រង្វាន់លើកទឹកចិត្តកុមារី នាង អេលីណា ដែលទទួលបានជ័យលាភីលេខ១ ផ្នែកអាន ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណានលើកទី៥ នូវកុំព្យូទ័រ ១គ្រឿង អមដោយថវិកា៥០ម៉ឺនរៀល។
ទន្ទឹមគ្នានេះបេក្ខជនជ័យលាភីលេខ១ ថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ក្នុងចំណោមបេក្ខភាពប្រឡង៣០៨នាក់ នឹងត្រូវចូលរួមប្រឡងសិស្សពូកែថ្នាក់កម្រិតថ្នាក់ជាតិនៅខេត្តបាត់ដំបងនាពេលខាងមុខនោះ លោក ថង សាវុន បានផ្តល់ការលើកទឹកចិត្តថវិកា២០ម៉ឺនរៀល, លេខ ២ថវិកា ១២ម៉ឺនរៀល និងលេខ៣ ថវិកា១០ម៉ឺនរៀលរួមនឹងប័ណ្ណសរសើរម្នាក់មួយ ការដូរមួយកញ្ចប់៕