(ភ្នំពេញ)៖ គ្រប់វត្តអារាមនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលបង្កឡើង ដោយមេរោគកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់គណៈសង្ឃនាយក នៅថ្ងៃទី១៦ ខែមីនា។
សេចក្តីប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចំនួន៥ចំណុច ដែលក្នុងនោះមានការសូត្រធម៌បណ្តេញគ្រោះចង្រៃ ប៉ុន្តែមិនចាំបាច់ឱ្យមានការប្រមូលផ្តុំ មនុស្សដើម្បីសូត្រធម៌ទេ។
មួយវិញទៀត គណៈសង្ឃនាយកកម្ពុជា ក៏បាឱ្យព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសស្វែងយល់អំពីមេរោគកូវីដ១៩ ហើយត្រូវមានវិធានការអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការៈក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោ ឈឺបំពង់ក ត្រូវតែជួយបញ្ជូនទៅមណ្ឌលសុខភាព។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈសង្ឃនាយក៖