(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញមកប្រកាសទាត់ចោលទាំងស្រុងចំពោះព័ត៌មានប្រឌិតថា បុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំ ដែលឆ្លង COVID-19 បានរត់គេចចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពោលគាត់កំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យ ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ។
ការចេញមកទាត់ចោលនូវព័ត៌មានក្លែងក្លាយបែបនេះ ពីសំណាក់ក្រសួងសុខាភិបាល បានកើតឡើងភ្លាមៗ ក្រោយពីមានជនបំពុលសង្គមមួយចំនួន បានបង្ហោះទៅលើបណ្តាញសង្គម Facebook ថា បុរសជនជាតិបារាំងស្បែកខ្មៅរូបនេះ ដែលឆ្លង COVID-19 បានលួចរត់ចេញពីមន្ទីរពេទ្យ ហើយទៅខេត្តនេះ ខេត្តនោះដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង និងនាំឲ្យមានចលា ចលសង្គម។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ លោក លី សុវណ្ណ បានប្រាប់យ៉ាងដូច្នេះថា «ករណីនេះជារឿងប្រឌិតទាំងស្រុង ក្រសួងសុខាភិបាល សូមទាត់ចោលទាំងស្រុង គឺគាត់ (ជនជាតិបារាំង) កំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យយើង»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំជឿទៅលើព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងនេះឲ្យសោះ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ ខណៈក្រសួង សុខាភិបាល បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីទាំងនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំរូបនេះ ដែលចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ក្រោយការធ្វើតេស្តរួចមក កូនប្រុសរបស់ជនជាតិបារាំងអាយុ៤ខែ ក៏បានឆ្លង COVID-19 តែប្រពន្ធរបស់គាត់ មិនមានឆ្លងនោះទេ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន ១២ករណីហើយ ដោយក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
*ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
*ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
*ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នាពេលថ្មីៗ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។
នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖
*ទី១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
*ទី២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
*ទី៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
*ទី៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕