(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិធិជយារាម ហៅវត្ដកំណប់ ស្ថិតនៅភូមិប្រខ្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលពិធីសម្ពោធសមិទ្ធផលនានានេះ ក៏មានប្រារព្ធកម្មវិធីផ្សេង ដែលធ្វើឡើងចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២០នេះ។
តំណាងរាស្ដ្រ ម៉ា ឈឿន ថ្លែងបន្ដថា សមិទ្ធផលនេះ មិនមែនត្រឹមតែបម្រើ និងលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែបានចូលរួមលើកកម្ពស់ ដល់សុខដុមនីយកម្មសម្រាប់សង្គម ជាពិសេសជាទីកន្លែងជួបជុំ សម្រាប់លោកតា យាយ ក៏ដូចជា ពុទ្ធបរិស័ទទូទៅ ដែលមានវ័យចាស់ បានរួមគ្នាមកកសាងនូវបុណ្យកុសលផ្សេងៗផងដែរ»។
ជាងនេះទៅទៀត «យើងទាំងអស់គ្នា ត្រូវចងចាំថា បើគ្មានសន្ដិភាពទេ មិនអាចមានអ្វីៗទាំងអស់នេះនោះទេ សន្ដិភាព បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ សន្ដិភាព បាននាំមកនូវភាពរីកចម្រើន សម្បូររុងរឿង តែប្រសិនយើងមានសង្គ្រាម ឬរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ សព្វថ្ងៃនេះយើងមិនអាចធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរជូបជុំគ្នាបាននោះទេ»។
លោក ម៉ា ឈឿន បានបន្ដថា «៧មករា ឆ្នាំ១៩៧៩ បាននាំមកនូវសុខសន្ដិភាព ប៉ុន្ដែសុខសន្ដិភាពមិនទាន់បានពេញលេញនៅឡើយទេ តែដោយសារតែគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា កម្ពុជាមានសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។ សន្ដិភាព បាននាំមកនូវការអភិវឌ្ឍរីកចម្រើន ទាំងក្រុមគ្រួសារតូច រហូតដល់គ្រួសារធំ ។ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា ថែរក្សាសុខសន្ដិភាពប្រទេសជាតិរប ស់យើង ឱ្យគង់វង្សតទៅទៀត»។
សូមជម្រាបថា នៅទូទាំងស្រុកជើងព្រៃ មានវត្តចំនួន៤០ និងអាស្រមចំនួន២កន្លែង មានព្រះសង្ឃអាស្រ័យនៅសរុបប្រមាណ ៥៧១អង្គ ក្នុងនោះភិក្ខុចំនួន១៥៧អង្គ សាមណេរចំនួន៤១៤អង្គ។ សម្រាប់សមិទ្ធផល ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ រួមមាន៖ កុដិ, របង, ចាក់បេតុងទីធ្លាវត្ដ, ធ្វើរោងបុណ្យ, កសាងខឿនពោធិព្រឹក្ស និងកសាងផ្លូវលំវាងវត្ដ ផងដែរ៕