(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទើបប្រែក្លាយពីធនាគារឯកទេស មកជាធនាគារពាណិជ្ជ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសដំណើរការ នៃការអនុវត្ដហិរញ្ញប្បទានពិសេសចំនួន៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រ ដល់វិស័យកែច្នៃផលិតកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម ដើម្បីឲ្យសហគ្រាសក្នុងវិស័យទាំងនេះ រស់បានរឹងមាំក្នុងគ្រា ដែលមានវិបត្ដិ Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធ EBA។
កញ្ចប់ឥណទាន៥០លានដុល្លារ ត្រូវបានបើកទូលាយឲ្យសហគ្រាសក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានទំហំឥណទាន រហូតដល់៣០ម៉ឺនដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាប។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា តាមការរំពឹងកញ្ចប់ហរិញ្ញប្បទានពិសេស៥០លានដុល្លារនេះ នឹងជួយដល់សហគ្រាសប្រមាណជា៥០០នៅកម្ពុជា ដើម្បីអាចពង្រឹងសមត្ថភាព និងគុណភាព ស្របតាមស្ដង់ដារ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា «គោលបំណងចង់ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ពង្រីកខ្លួន ទន្ទឹមនឹងនៅពេល ដែលមានវិបត្ដិមួយចំនួនដូចជា Covid-19 និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មួយចំនួន ក៏ដូចជាពង្រឹកការងារ សម្រាប់ប្រជាពលរដ្ឋ»។
លោកថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំជាគោលនយោបាយផ្ដល់ជាឥណទានជាពិសេសនេះ ដល់សហគ្រាសធុនតូច និងមធ្យម ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ លោកថា ដើម្បីអាចខ្ចីកម្ចីនេះបានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដាក់ចេញនូវលក្ខខណ្ឌមួយចំនួនឲ្យសហគ្រាសធុនតូច និងមធ្យមរួមមាន៖
* យកកញ្ចប់នេះពង្រឹងការងារចន្លោះពី៥ ទៅ១០កន្លែងនៅក្នុងសហគ្រាសរបស់ខ្លួននីមួយៗ។
* អត្រាការប្រាក់ ដែលបានផ្ដល់ជូនជាអត្រាការប្រាក់ទាប៦ភាគរយ ក្នុង១ឆ្នាំ សម្រាប់ជាទុនបង្វិល ហើយ៦.៥ភាគរយសម្រាប់ទុនវិនិយោគ ដែលអាចផ្ដល់ជូន ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម។
* សម្រាប់វត្ថុធានាបំណុល គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែទទួលយក ដែលផ្ដល់ជូនរហូតដល់៨០ភាគរយនៃតម្លៃវត្ថុបំណុលនោះ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានភាពបត់បែនវត្ថុធានាបំណុល ដោយមិនតម្រូវតែអចលវត្ថុនោះទេ ដូចជារោងចក្រ ជាសម្ភារ និងម៉ាស៊ីនសម្រាប់ផលិតជាដើម ក៏អាចដាក់ធានាបានដែរ។ ធនាគារនឹងធ្វើការបណ្ដុះបណ្ដាល ដល់សហគ្រានទាំងនោះ ដើម្បីឲ្យមានរៀបចំជាផែនការអាជីវកម្ម, មានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដែលមានការសហការជាមួយក្រុមការងាររបស់ធនាគារ។
សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺ Covid-19 និងការព្យួរភាពអនុគ្រពន្ធ EBA កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍជនបទ (RDB) ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង៕