(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាសព្វថ្ងៃ បើនិយាយអំពីស្ថានភាពមេរោគសកល Covid-19 ដែលកំពុងវាយប្រហាររាតត្បាតយ៉ាងខ្លំាងក្លាពាសពេញពិភពលោក ហើយបណ្ដាឲ្យមេដឹកនំាព្រះប្រមុខរដ្ឋ ប្រមុខរដ្ឋនៃបណ្ដាប្រទេសទំាងធំ-តូចនានាជុំវិញពិភពលោក បានផ្លាស់ប្ដូរអំពីប្រពៃណីចាប់ព្រះហត្ថ ឬចាប់ដៃ មកជាការលើកដៃសំពះក្នុងពិធីស្វាគមន៍ ឬការគោរពគ្នាជាផ្លូវការដើម្បីជៀសវាងនូវការឆ្លងមេរោគផ្សេងៗ ។
ដួចយើងឃើញនៅថ្ងៃទី១១ មីនា ឆ្នាំ២០២០ព្រះអង្គម្ចាស់ ឆាលស៍ (Charles) ជាព្រះរាជទាយាទនៃចក្រភពអង់គ្លេស ដោយព្រះអង្គលើកព្រះហត្ថសំពះយ៉ាងទន់ភ្លន់ ផ្ដល់នូវកិច្ចស្វាគមន៍ជាផ្លូវការក្នុងកម្មវិធី ព្រីនស៍ត្រាស់អេវើដ (Prince,s Trust Awards) នារាជធានីទីក្រុងទ្បុង ក៏ដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រំា និងនាយករដ្ឋមន្រ្ដីអៀទ្បង់ លោក Leo Varadkar ក៏បានលើកដៃសំពះគ្នាប្រកបដោយក្ដីសប្បាយរីករាយនោះ។
ស្ថិតត្រង់ចំណុចនេះ អ្នកជំនាញអារ្យធម៌ខ្មែរ យល់ថាចំពោះពិធីស្វាគមន៍ ឬការគោរពគ្នាជាផ្លូវការរបស់ថ្នាក់ដឹកនំាពិភពលោក ដោយផ្លាស់ប្ដូរពីការចាប់ព្រះហត្ថ ឬចាប់ដៃរបស់ប្រពៃណីស្បែកស មកជាប្រពៃណីសំពះខ្មែរក្នុងបរិបទថ្មីៗនេះ គឺពិតជាបង្ហាញថា «សំពះខ្មែរ ថែសុខភាពពិភពលោក» ឬមិនខុសពីទស្សនៈសម្ដេចតេជោ ហ៊ុន សែន ថា «ក្រមាខ្មែរ ថែសុខភាព» នេះឯង។
បានសេចក្ដីថា «សំពះខ្មែរ កំពុងក្លាយជាអារ្យធម៌ដែលបានសាយភាពពាសពេញពិភពលោក»។ ពីព្រោះប្រពៃណីសំពះនេះ គឺខ្មែរយើងជាពូជសាសន៍មួយដែលមានចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់តំាងពីបឋមកាលរៀងមក ។
ជាក់ស្ដែងប្រពៃណីសំពះខ្មែរ យើងឃើញតំាងពីសម័យហ្វូណន នៅវត្ដកំពង់ពោធិ នូវរូបទេពប្រណម្យធ្វើអំពីដីដុត ស្លៀកសំពត់ខ្លីមានផ្នត់ច្រើន ដែលស្ថិតក្នុងឥរិយាបថអង្គុយលុតជង្គង់ ហើយដាក់ដៃទំាងពីរប្រណម្យត្រឹមទ្រូងមានភាពទន់ភ្លន់ សុភាពរាបសា និងក្លាហានជាភស្ដុតាង។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះចំពោះគារវកិច្ច ឬពិធីស្វាគមន៍ដោយលើកដៃសំពះនេះ ជាមរតកវប្បធម៌ អត្ដសញ្ញាណជាតិដ៏សំខាន់របស់ខ្មែរយើង ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្ដិសាស្រ្ដតំាងពីដើមរៀងមក។ បានន័យថា«ប្រពៃណីសំពះខ្មែរ គឺជាការគោរព ឬជាការគួរសម ដោយបង្ហាញពីចរិយាសម្បត្ដិ តម្លៃគុណធម៌ និងសុជីវធម៌ដ៏ប្រសើរក្នុងសង្គមខ្មែរ» ។ មរតកនេះបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយតាមរយៈប្រពៃណី ទំនៀមទម្លាប់ពិធីផ្សេងៗ ដែលជាកេរដំណែលរបស់បុព្វបុរសដូនតាខ្មែរយើង។ ជាក់ស្ដែង ដូចបណ្ដំាព្រះភារម្យក្រមង៉ុយ បានប្រដៅជនប្រុស-ស្រីថា «កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រទ្បាសក្រទ្បេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មាសអ្នកក្រ»។
បើដូចនេះប្រពៃណីសំពះខ្មែរ គឺជាកិរិយា «គោរព» ដែលបង្កប់ទៅដោយខ្លឹមសារ នៃការការដឹងគុណ ការរំឭកគុណ កតញ្ញូ ស្វាមីភក្ដិ ភាពស្មោះត្រង់ បូកផ្សំជាមួយមនោសញ្ចេតនា ស្រលាញ់រាប់អាន ដ៏ស្មោះត្រង់និងជ្រោលជ្រៅបំផុត។ ពីព្រោះក្នុងទស្សនវិជ្ជាខ្មែរ គឺនិយមឲ្យតម្លៃទៅលើអ្វីដែលជាផ្លូវចិត្ដខាងក្នុងខ្លួនជាធំហៅថា «គំនិតនិយម» ដែលខុសពីពួកស្បែកស គឺបង្ហាញពី «រូបភាពខាងក្រៅនិយម»។
ពីព្រោះចំពោះគុណតម្លៃសំពះខ្មែរ គឺជាការបញ្ជួនសញ្ញា ដើម្បីសម្ដែងទឹកចិត្ដ សម្ដែងមនោសញ្ចេតនា ឬការឧទ្ទិស ដោយមិនចំាបាច់ប៉ះពាល់គ្នាទ្បើយ។ ហើយតាមរយៈ កាយវិការសំពះនេះ គឺយើងអាចដឹងបាននូវជម្រៅទឹកចិត្ដ ឬមនោសញ្ចេតនារបស់ភាគីម្ខាងទៀតបាន។ បានសេចក្ដីថា «ខ្មែរប្រើទឹកចិត្ដជាធំ»។
ជាសរុប លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូច្នេះចំពោះប្រពៃណីសំពះខ្មែរ គឺយើងអាចដឹងបាននូវជម្រៅទឹកចិត្ដ។ ផ្ទុយទៅវិញចំណែកឯវប្បធម៌បស្ចឹមប្រទេស ឬពួកស្បែកស គេឲ្យតម្លៃទៅលើភាពសិទ្ធិស្នាលតាមរយៈការចាប់ដៃ ឬប៉ះពាល់។ មានន័យថាទាល់តែប៉ះពាល់គ្នា គឺទើបអាចប៉ាន់ស្មានបាននូវជម្រៅទឹកចិត្ដ ឬមនោសញ្ចេតនារបស់ភាគីម្ខាងទៀតបាន។
បើដូច្នេះយើងជាកុលបុត្រខ្មែរគ្រប់រូប ត្រូវនំាគ្នាលើកស្ទួយថែមទៀត អំពីប្រពៃណីសំពះនេះដើម្បីប្រាប់ពិភពលោក នូវអត្ដសញ្ញាណជាតិដ៏ល្អផូរផង់របស់ខ្មែរយើង៕