(ភ្នំពេញ)៖ បងប្អូនខ្មែរយើងប្រហែលជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិរបស់ កសិករខ្មែរ ដែលប្រមូលទិញតែផលិតផលធម្មជាតិ របស់កសិករខ្មែរ ហើយត្រូវបានមហាជនគាំទ្រជាខ្លាំង ព្រោះបានចំណែកធំមួយ ជួយដល់កសិករខ្មែរឲ្យមានទីផ្សារផលិតផលតបស់ខ្លួន។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ នេះ «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» បានបើកសម្ពោធដំណើរការសាកល្បងហើយ គឺនៅកណ្ដាល Olympia តែម្ដង ខណៈវត្តមានផ្សារទំនើបនេះ នឹងចូលរួមចំណែក ជួយជ្រោមជ្រែងកសិករ និងស្របតាមគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកគ្រប់គ្រងផ្សារផ្សារ របស់លោកឧកញ៉ាវ័យក្មេង កំពុងមានប្រជាប្រិយភាពនេះ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីផ្សានេះ បើកដំណើរការជាផ្លូវការហើយ ក្រុមហ៊ុនបានប្រមូលទិញ កសិផលពីកសិករ ដែលបច្ចុប្បន្នបានចងក្រង និងប្រមូលទិញជាមួយកសិករ សរុបមានរហូតដល់ទៅ១៨ ខេត្តឯណោះ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ទាំងអស់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ទៅលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
អ្វីដែលជាទំនុកចិត្តនោះកសិផល ទាំងអស់ត្រូវបានតាមដាន ត្រួតពិនិត្យតាំងពីកន្លែងដាំដុះ រហូតដល់កន្លែងវេចខ្ចប់តែម្ដង ក្នុងនោះដែរ កសិករទាំងអស់ត្រូវបានចុះ កិច្ចសន្យា និងកុងត្រាស្របតាមគោលការណ៍ ដាំដុះតាមគោលការណ៍ធម្មជាតិ។ ដើម្បីជួយដល់កសិករ ក្រុមហ៊ុនបានបញ្ជូនធនធានមនុស្ស គ្រប់ជំនាញចុះពន្យល់ និងណែនាំក្នុងការដាំដុះតាមគោលការណ៍ ធម្មជាតិដោយមិន ប្រើប្រាស់សារធាតុគីមី។
ជាមួយនឹងការប្រមូលទិញនេះផងដែរ ប្រសិនបើកសិករណាមួយ មានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈ ប្រើប្រាស់សារធាតុគីមី នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ហើយបញ្ឈប់ការទទួលទិញពីក្រុមហ៊ុន រយៈពេលមួយឆ្នាំ។ ជាមួយគ្នានេះ «ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា» ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ជៀសវាងកសិករផ្សេងយកគំរូតាម។ បន្លែ ត្រី សាច់ ផ្លែឈើ និងគ្រឿងទេសគ្រប់ប្រភេទ ជាង២០០មុខរបស់កសិករខ្មែរសុទ្ធសាធ ដោយឆ្លងកាត់ការធ្វើតេស្តពិសោធន៍ ត្រួតពិនិត្យគ្មានសារធាតុគីមី ដែលកំពុងដាក់លក់ក្នុងផ្សារ។
តាមផែនការផ្សារ ដែលប្រមូលទិញតែផលិតផលធម្មជាតិរបស់កសិករខ្មែរនេះ មហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយ ជួយដល់កសិករខ្មែរឲ្យមានទីផ្សារ ហើយគ្រោងនឹងពង្រីករហូតដល់ ទៅ ២៥០សាខា ទូទាំងប្រទេសឯណោះ ដែលជំហានដំបូង គឺសម្រុកធ្វើនៅភ្នំពេញនិងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរីក៏ដូចជា ទីប្រជុំជនធំៗនឹងមានវត្តមាន «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រប់ទីកន្លែង។
ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកុម្មង់ទិញតាម អនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ ០១១ ៤៤៤ ៤៤៤ កុម្មង់តាមទំនិញដែលលោកអ្នក ត្រូវការត្រឹមតែ ២០នាទី បន្លែផ្លែឈើ ឬត្រីសាច់ដែល លោកអ្នកកុម្មង់នោះ នឹងដឹកជូនដល់ ផ្ទះលោកអ្នកតែម្ដង៕