Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ថ្មី, លោក កូយ កាន់យ៉ា ជំនួសលោក តន់ សីហតេជ ដែលត្រូវទទួលតំណែងថ្មី

16-03-2020 10:23

(ពោធិ៍សាត់)៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ចមកកាន់តំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជំនួសលោក តន់ សីហតេជ «អតីព្រះរាជអាជ្ញា» វរៈព្រះរាជអាជ្ញាថ្នាក់លេខ១ ដែលត្រូវទទួលតំណែងថ្មី ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងថ្មីនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយសតាមបណ្តាមន្ទីរអង្គភាព ជាច្រើនរូបទៀត។

បន្ទាប់ពីលោក អ៊ួង សុភារិន អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរតែងតាំងមុខតំណែង, ពិធីប្រគល់ត្រាព្រះរាជអាជ្ញា និងមតិប្តេជ្ញាចិត្ត របស់លោក កូយ កាន់យ៉ា រួចមក, លោក ព្រហ្ម សិទ្ធត្រា បានឱ្យដឹងថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ច របស់អាជីពចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការនានាៗ គឺជាផ្នែកមួយនៃកំណែទំរង់ ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋក្នុងវិស័យយុត្តិម៌។

លោករដ្ឋលេខាធិការ បានជំរុញឱ្យព្រះរាជអាជ្ញាដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបង្កើន ប្រសិទ្ធភាពនៃការគោរពច្បាប់ ឱ្យបានតឹងរឹងបំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានផ្សេងៗក្នុងរដ្ឋបាលខេត្តពោធិ៍សាត់៖ ដូចជាបទល្មើសនេសាទ បទល្មើសព្រៃឈើ ជាពិសេសគ្រឿងញៀន ជាអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹង។

លោករដ្ឋលេខាធិការ ក៏បានស្នើដល់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រកាន់ភ្ជាប់នូវសម្បជញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណាឱ្យមនសិការកាន់តែទទួលនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនយ៉ាងម៉ឹងមាត់ព្រោះក្រម សីលធម៌នេះ ជាត្រីវិស័យសម្រាប់ជួយតម្រង់ផ្លូវឱ្យចៅក្រម និងព្រះរាជអាជ្ញាបានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណងពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជំរុញលើកកម្ពស់ឯករាជ្យភាពរបស់តុលាការ ដើម្បីធ្វើយ៉ាងណា ឱ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។

លោក ព្រហ្ម សិទ្ធត្រា ក៏បានស្នើរៀបចំទុកដាក់បញ្ជីរឿងក្តីឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តចាត់ការឱ្យបានទាន់ពេលវេលា ទៅតាមនីតីវិធី ដែលច្បាប់បានកំណត់ ជៀសវាងទុកសំណុំរឿងចោល ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព នៃការឃុំខ្លួនជនសង្ស័យ ឬជនល្មើស លើសការកំណត់នៃច្បាប់៕