(កណ្ដាល)៖ ផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលរងការខូតខាចដោយសារបាក់ច្រាំទន្លេ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរជាតិបឹងទន្លេសាប នៃក្រសួងធនធានទឹក និងឧត្តុនិយម ដោយមានការចងអង្អុលបង្ហាញពីលោក វង្សី វិចិត្រ ក្រុមការងារថ្នាក់កណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាគណពង្រឹងចុះជួយឃុំ រកាកោងទី១ បានដឹកនាំក្រុមការងារចុះជួសជុលធ្វើឱ្យប្រសើរឡើងវិញ។
លោក ម៉ែន ស៊ុ មេឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានថ្លែងអំណរអរគុណដល់លោក វង្សី វិចិត្រ និងលោក ម៉ៅ ហាក់ រួមជាមួយសហការី ដែលបានយក ចិត្តទុកដាក់ខ្ពស់ ក្នុងការចុះជួយប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ដែលជានិច្ចកាល សម្ដេចបានយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្លាំងដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ រឺនិន្នាការនយោបាយ អ្វីឡើយស្របពេលដែល ប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។
លោកមេឃុំ ម៉ែន ស៊ុ មេឃុំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរ និងធ្វើដំណើទៅមកតាមផ្លូវផ្លូវបេតុងមួយខ្សែនេះសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើយ៉ាងណាកុំឱ្យមានការ គ្រោះថ្នាក់នៅទីកន្លែងនេះ ព្រោះក្រសួងធនធានទឹកកំពុងតែជួសជុលជុស៕