(ភ្នំពេញ)៖ ទោះបីសភាពការណ៍ពិភពលោក និងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងជួបវិបត្តិដោយសារជំងឺ Covid-19 យ៉ាងណាក្ដី ក៏អ្នកធ្វើអាជីវកម្មខ្នាតតូច និងមធ្យមក្នុងទីផ្សារ បណ្ដាញនៅកម្ពុជា នៅតែប្រឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយពួកគេនៅតែតាំងស្មារតីជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានិច្ច។
នេះជាការលើកឡើងរបស់លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយអាជីវករខ្នាតតូច និងមធ្យមក្នុងទីផ្សារបណ្តាញតាមផ្នែកតាមវិស័យ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដើម្បីឱ្យអាជីវករខ្នាតតូច និងមធ្យម យល់ដឹងអំពីច្បាប់អាជីវកម្ម និងការវិនិយោគ ការនាំចេញ និងនាំចូល ការចែកចាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការចុះបញ្ជីអាជីវកម្មតាមរយៈច្រកចេញចូលតែមួយដែលមាននៅតាមរាជធានី-ខេត្ត។
នាឱកាសនោះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថាន ស្តង់ដាកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តិកម្ម នៃអគ្គនាយកដ្ឋានវិទ្យាស្ថានស្តង់ដាកម្ពុជា លោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអ៉ិនអេសហ្សិត វើលដ៍ ឯ.ក លោក ហាន សីហា អគ្គនាយករងក្រុមហ៊ុនអ៉ិនអេសហ្សិត វើលដ៍ ឯ.ក។
លោក ឡី សុភាព បានសំណូមពរឲ្យអាជីវកម្មខ្នាតតូច និងមធ្យម ដែលជាធុរកិច្ចទីផ្សារបណ្តាញតាមផ្អែកតាមវិស័យទាំងអស់ ត្រូវតែមានចំណេះដឹងវិជ្ជាជីវៈអាជីវកម្មឲ្យបានត្រឹមត្រូវសម្រាប់ការងារ និងមុខរបររបស់ខ្លួន។
លោកក៏បានអំពាវនាវដល់ម្ចាស់មូលដ្ឋានអាជីវកម្មនាំចេញ-នាំចូលការចែកចាយទាំងអស់ ត្រូវតែគោរពច្បាប់សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ឡី សុភាព ព្រមជាមួយអាជីវករខ្នាតតូច និងមធ្យមទាំងអស់បានបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរក្សាសន្តិភាពសម្រាប់កម្ពុជា។ លោកថា «មានសន្តិភាព ទើបមានការអភិវឌ្ឍអាជីវកម្ម និងការវិនិយោគ»។
សូមជម្រាបថា សហព័ន្ធវិនិយោគិនកម្ពុជា ក៏ដូចជាសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា តែងតែសហការជាមួយអគ្គស្នងការនគរបាលជាតិ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួង-ស្ថាប័ន និងដៃគូឯកជន ធ្វើសកម្មភាពបណ្ដុះបណ្ដាល ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ បែបបទនៃការធ្វើអាជីវកម្មដល់អាជីវករខ្នាតតូច និងមធ្យមក្នុងទីផ្សារបណ្ដាញនៅកម្ពុជា និងបានចូលរួមជំរុញឱ្យមូលដ្ឋានអាជីវកម្មទាំងឡាយអនុវត្តការចុះបញ្ជី និងអនុវត្តតាមច្បាប់របស់កម្ពុជាឱ្យបានត្រឹមត្រូវ ដោយបានដើរតួជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា៕