(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិភាក្សារួមគ្នាជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដាក់ឲ្យបង់ប្រថាប់ត្រា នៅពេលផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ នៅការិយាល័យច្រកចេញចូលតែមួយ តែម្ដងដើម្បីសម្រួលឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ។
នេះបើតាមការឲ្យដឹងពី លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ សន្និសីទនេះ ត្រូវបានធ្វើឡើងនៅសាលាប្រជុំ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
ការលើកឡើងរបស់លោក សេង ឡូត ពាក់ព័ន្ធការសម្រួលនីតិវិធីនៃការបង់ពន្ធ មកនៅការិយាល័យច្រកចេញចូលតែមួយនេះ ដោយបង្កើតបន្ទប់មួយ សម្រាប់មន្ដ្រីអគ្គនាយកដ្ឋានពន្ធដារនេះ ក្រោយមានការលើកឡើងពីប្រជាពលរដ្ឋ ពីភាពលំបាកក្នុងការបង់ពន្ធប្រថាប់ត្រា ដោយពួកគាត់ត្រូវទៅបង់ពន្ធផ្ទាល់ នៅអគ្គនាយកដ្ឋានពន្ធដា ខណៈលិខិតរដ្ឋបាលផ្សេងៗ ត្រូវបំពេញនៅការិយាល័យច្រកចេញចូលតែមួយ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានអះអាងថា ចំណុចនេះកន្លងមកក្រសួង បានពិភាក្សាគ្នាផ្ទៃក្នុងចំនួន៣ដងរួចមកហើយ និងបានប្រាប់ទៅកាន់ អគ្គនាយកដ្ឋានពន្ធដារ ដើម្បីដឹងច្បាស់ថា តើមន្ដ្រីពន្ធដារមានចំនួនគ្រប់គ្រាន់ ដែលអាចបញ្ជូនមកទទួលពន្ធនៅច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិបានដែរឫទេ?។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហានេះ ខាងពន្ធដារកំពុងពិចារណាកិច្ចការនេះ ហើយខ្ញុំជឿថា មិនយូរមិនឆាប់ យើងនឹងទទួលបានចម្លើយវិជ្ជមាន ពីខាងពន្ធដារ ដើម្បីរួមគ្នាធ្វើយ៉ាងណាដើម្បីឲ្យការផ្ដល់សេវាសាធារណៈនេះ បានលឿន និងប្រសើរជាងមុន ដែលប្រជាពលរដ្ឋអាចមកហើយគិតពន្ធ និងបង់តាមរយៈប្រព័ន្ធធនាគារ»។
មន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បានបង្ហាញជំនឿជឿជាក់ថា ករណីនេះនឹងអាចធ្វើទៅបាន ដោយសារតែបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើន។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះប្រសិនពន្ធដារ ត្រូវបានបញ្ជូលមកនៅការិយាល័យច្រកចេញចូលតែមួយ ដូចអ្វីដែលក្រសួងបាននិងកំពុងគិតគូរនេះ គេរំពឹងថា នឹងជួយសម្រួលដល់ការផ្ដល់សេវាបានកាន់តែលឿន និងល្អប្រសើរ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋនៅពេលបំពេញឯកសាររដ្ឋបាលរួចនៅច្រកចេញចូលតែមួយ ត្រូវធ្វើដំណើរមកខាងពន្ធដារ ដើម្បីគណនាតម្លៃដែលត្រូវបង់ ទើបត្រឡប់ទៅបង់តាមធនាគារវិញ៕