(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា តាមការរយៈការអនុវត្តន៍យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទប់ស្កាត់មិនឱ្យរីកសាយភាយនៃការប្រើប្រាស់ និងចែកចាយជាគំហុក ដូចបណ្តាប្រទេសជិតខាង។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្រោយពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់លើកទី៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៦ ខែមីនានេះ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ចំណុចនេះ គឺយើងមិនមានតួលេខច្បាស់លាស់ ឱ្យពិតប្រាកដថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា មានចំនួនប៉ុន្មាន ប៉ុន្តែក្នុងក្របខណ្ឌការអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់របស់រាជរដ្ឋាភិបាល រយៈពេល ៣ឆ្នាំជាប់គ្នា យើងបានទប់ស្កាត់ និងត្រួតត្រាពាក់ព័ន្ធសភាពការណ៍ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននេះបានមានន័យថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន មិនបានរីករាលដាល់ជាគំហុកទេ»។
ក៏ប៉ុន្តែទោះបីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន មិនឱ្យរីករាលដាល់ជាគំហុកនេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា បើតាមការកត់សម្គាល់ការប្រើប្រាស់គ្រឿងញៀន បានរាលដាល់ពីទីក្រុង ទៅដល់ជនបទក៏ពិតមែន ក៏ប៉ុន្តែ បើប្រៀបធៀបចំនួនអ្នកប្រើប្រាស់គ្រឿងញៀន នៅកម្ពុជា ទៅនឹងបណ្តាប្រទេសជិតខាងពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានចំនួនកើនឡើង ខណៈកម្ពុជាវិញ គឺគ្មានចំនួនកើនឡើងនោះទេ។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ដូច្នេះ ការអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអនុវត្តន៍កន្លងទៅ មានប្រៀបលើបទល្មើស ប្រើប្រាស់ ចែកចាយគ្រឿងញៀនខុសច្បាប់ មិនឱ្យបន្តការរីករាលដាល់ជាគំហុកដូចប្រទេសជិតខាងកម្ពុជា។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានប្រកាសថា បន្តសកម្មភាពរឹត បន្តឹងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តាក្លឹបកម្សាន្តនានា ឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងឆ្នាំ ២០២០នេះ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានព្រមានអនុវត្តន៍ច្បាប់ដោយមានទាំង រឹបអូសទ្រព្យសម្បត្តិ កើតចេញពីបទល្មើសគ្រឿងញៀនផងដែរ ចំពោះម្ចាស់អាជីវកម្មក្លឹបកម្សាន្ត ដែលជាប់ពាក់ព័ន្ធនឹង សកម្មភាពបទល្មើសគ្រឿងញៀននោះ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកាសបន្តរឹតបន្តឹងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តាក្លឹបកម្សាន្ត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសបន្តរឹតបន្តឹងបង្រ្កាប បទល្មើសគ្រឿងញៀន នៅតាមបណ្តាក្លឹបកម្សាន្តនៅក្នុងឆ្នាំ២០២០។ ការប្រកាសបែបនេះ ដោយសារ តែកាលពីឆ្នាំ២០១៩ កន្លងទៅ សមត្ថកិច្ចបានឆ្មក់ចូលបង្រ្កាបទីតាំង ក្លឹបកម្សាន្ត ដែលបណ្តែតបណ្តោយឱ្យមានសកម្មភាព បទល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន និងបានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធជាច្រើននាក់។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ រយៈពេលមួយឆ្នាំពេញ របស់រាជរដ្ឋាភិបាល គឺបង្រ្កាបបានបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ និងរឹបអូសគ្រឿងញៀនបានជាង ៧៥០គីឡូក្រាម គឺកើនឡើងប្រមាណជិត ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕