(កណ្តាល)៖ យុទ្ធនាការនៃការចុះរឹតប្តឹងច្បាប់ចរាចរណ៍នៅក្រុងតាខ្មៅរយៈពេល ២ថ្ងៃ នគរបាលខេត្តផាកពិន័យរថយន្តល្មើសច្បាប់បាន ៣២គ្រឿង និងផាកពិន័យជាថវិកាបានជិត ១២លានរៀល ខណៈរថយន្តខ្លះជារបស់លោកធំ ប៉ុន្តែដោយយាងតាមឆន្ទៈច្បាប់ និងគោរពតាមគោលបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល រថយន្តដែលចាប់ បានទាំងអស់ ត្រូវតែពិន័យទៅតាមច្បាប់ គ្មានយោគយល់ថាជារបស់លោកធំណានោះទេ។
លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា នគរបាលចរាចរនឹងចាប់ផ្ដើមរឹតបន្តឹងផាកពិន័យទៅលើការប្រព្រឹត្តិល្មើសចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាទីបារម្ភរាល់ថ្ងៃនេះ ហើយពិសេសស្របទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃផងដែរ។
កម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាំងពីថ្ងៃទី១៣ ខែមីនា នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម និងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ។ ប្រតិបត្តិការដូចភ្លៀងរលឹមនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដឹកនាំផ្ទាល់ពីលោក ឆេង សំអឿន , លោក ឱក សុភា និង លោកសែ ឡាដា ផងដែរ។
លោក ឆេង សំអឿន បានឲ្យដឹងទៀតថា ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់ សមត្ថកិច្ចនឹងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោកតាមច្បាប់កំណត់។
លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍ ក៏បានបញ្ជាក់ផងដែរថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម និងធ្វើការដាក់គោលដៅពិនិត្យជាតិអាល់កុលជាពេលយប់ផងដែរ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ លោកសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ជៀសបញ្ហាណាមួយកើតឡើងជាយថាហេតុ៕