(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី និងក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក ដែលពិធីនេះបានប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងឱកាសចូលជួបសំណេះសំណាលនេះ ក្រុមហ៊ុន ផលិតបំពង់ទីបជ័រ ខេ អេ ភី បានឧបត្ថម្ភថវិកាចំនួន ៧,៥០០ដុល្លារ សម្រាប់ទិញមួកសុវត្ថិភាពចំនួន ៥០០មួក និងថវិកាចំនួន ១,០០០ដុល្លារ សម្រាប់ទិញសាប៊ូដុំលាងដៃចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត។ ចំពោះ ក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក បានឧបត្ថម្ភកាបូបស្ពាយចំនួន ២០០កាបូប។
ជាមួយគ្នានេះដែរ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ រួមជាមួយនឹងក្ដីស្រលាញ់នឹករលឹក ជាពិសេស ថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងពីរខាងលើនេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ សង្គ្រោះពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីគ្រោះមហន្ដរាយធម្មជាតិ នៅលើសកលលោក ក៏កំពុងតែរួមគ្នាការពារទប់ស្កាត់ វីរុសកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតលើសកលលោកនេះផងដែរ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងឆ្លង កាន់តែមានចំនួនកើនឡើងពីមួយទៅមួយថ្ងៃ។
ដើម្បីចូលរួមទប់ស្កាត់ការពារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកម្ពុជាយើងបន្ថែមទៀត ពីវិធានការការពារ រោគសញ្ញានៃជំងឺនេះ ជាពិសេសអនុវត្ដទៅតាមអប់រំរបស់ក្រសួងសុខាភិបាលដែលបានប្រកាស ចៀសវាងការធ្វេសប្រហែស និងស្លន់ស្លោខ្លាំងពេករបស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ទៅវិញ ទោះវីរុសកូវីដ-១៩នេះ ងាយឆ្លង និងអាចសម្លាប់មនុស្ស តែក៏អាចព្យាបាលឱ្យជាសះស្បើយវិញផងដែរ។
ប៉ុន្ដែ យើងក៏មិនត្រូវភ្លេចខ្លួនដែរថា គ្រោះថ្នាក់ចរាចរណ៍ក៏បានសម្លាប់ជីវិតមនុស្សក្នុងរយៈពេលមួយពព្រិចភ្នែកផងដែរ ដូច្នេះ ក្នុងឱកាស ដែលក្រុមហ៊ុន ផលិតបំពង់ទីបជ័រ ខេ អេ ភី បានផ្ដល់ថវិកាសម្រាប់ទិញមួក និងសាប៊ូ ចែកជូនប្រជាពលរដ្ឋយើង គឺបានចូលរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋយើង ពីហានិភ័យផ្សេងៗ។ សម្រាប់កាបូបស្ពាយ ដែលជាអំណោយពី ក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក ក៏ជាចំណែកមួយសំខាន់ ក្នុងការផ្ដល់សម្ភារប្រើប្រាស់សម្រាប់សិស្ស-និស្សិតផងដែរ។
ទន្ទឹមនឹងនោះ តំណាងនៃក្រុមហ៊ុនទាំងពីរខាងលើ ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដោយជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅកម្ពុជា៕