(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ខណៈពុទ្ធសាសនាក៏ជាមូលដ្ឋានគ្រឹះធំមួយ នៃជង្រុកចំណេះដឹង និងកសាងធនធានមនុស្សខ្លាំងៗរបស់កម្ពុជាយើងផងដែរ។
លោកអភិបាលខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីទទួលអំណោយមនុស្សធម៌ ពីសម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាចៅអធិការវត្ត សុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ខណៈសមិទ្ធផលនានាជាច្រើន បានលេចចេញជារូបរាងឡើង ក្នុងវិស័យពុទ្ធសាសនា ពិសេសនៅតាមបណ្ដាវត្តអារាមនានា ឃើញមានការរីកចម្រើនច្រើន ហើយខេត្តក៏មានគម្រោងជួយជ្រោមជ្រែងបន្ថែមទៀត ដល់វិស័យពុទ្ធសាសនា និងការកសាងសមិទ្ធផលនានាជាច្រើនផ្សេងទៀតផងដែរ។
លោកអភិបាលខេត្តក៏បានផ្ដល់ជាការសំណូមពរ ដល់ព្រះថេរារនុថេរៈគ្រប់ព្រះអង្គ ព្រមទាំងពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុស COVID-19 ដោយឈរលើការរក្សាអនាម័យ ឱ្យបានល្អ បើមានអាការៈមិនស្រួលខ្លួនណាមួយ សូមប្រញ៉ាប់ទៅរកសេវាពិគ្រោះនៅតាមបណ្ដាមន្ទីររដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់ ដើម្បីទទួលបានពិនិត្យយ៉ាងពេញដៃពីសំណាក់ពេទ្យទាំងអស់ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការពិនិត្យ និងព្យាបាលជំងឺនានា ពិសេស COVID-19 ។
សម្រាប់សម្ដេចព្រះមុនី ជា សំអាង បានមានសង្ឃដីកាសម្ដែងនូវការគាំទ្រ ក្នុងការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងខេត្តកណ្ដាល៕