(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានលើកឡើងថា រយៈពេលនេះការផ្ទុះរីករាលដាល នៃវីរុសកូវីដ១៩នេះ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មិនមានផលប៉ះពាល់ណាមួយ កើតឡើងនោះទេ ពោលការស្នើសុំច្បាប់អនុញ្ញាតសាងសង់ នៅបន្ដមានដដែល។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោក សេង ឡូត បានអះអាងថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២០នេះ គម្រោងស្នើសុំសាងសង់ មានរហូតដល់៥២៣គម្រោង។

លោក សេង ឡូត បានបញ្ជាក់ថា បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ មានត្រឹមជាង៣០០គម្រោងប៉ុណ្ណោះ ហើយបើគិតជាទុនវិនិយោគកំណើននេះ កើនឡើងទ្វេរដង។ ប៉ុន្ដែតួលេខនេះ ក្រសួងកំពុងតាមដានបន្ដទៀត ចាប់ពីខែមីនានេះតទៅ។

អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «បើយើងមើលទៅលើវិស័យសំណង់នៅកម្ពុជាយើង តាមរយៈការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ នៅក្រសួងរៀបចំដែនដី យើងខ្ញុំតាមដានជាប្រចាំ រហូតមកដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ យើងសង្កេតឃើញថា អត់ទាន់មានការថយចុះទេ។ ផ្ទុយទៅវិញការស្នើសុំសាងសង់ ជាគម្រោងដែលបានដាក់ស្នើសុំបានកើនឡើង។ នៅខែកុម្ភៈ ឆ្នាំ២០២០នេះ មានដល់ទៅ៥២៣គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ត្រឹមខែកុម្ភៈ មានត្រឹមជាង៣០០គម្រោងទេ ហើយបើគិតទុនវិនិយោគកំណើតនេះកើនឡើងសឹងទ្វេរដង»

លោក សេង ឡូត បានលើកឡើងទៀតថា វិស័យសំណង់នៅប្រទេសកម្ពុជា បរទេសដែលមកវិនិយោគមានចំនួន១៨ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់លេខ១, លេខ២ កូរ៉េ និងលេខ៣ ជប៉ុន។ ប៉ុន្ដែការវិនិយោគវិស័យសំណងនេះ ក៏មានវិនិយោគិនក្នុងស្រុកផងដែរ ជាពិសេសបុរី ឬលំនៅឋានមានលក្ខណៈជាបុរី ដែលគិតមកដល់ពេលបច្ចុប្បន្នមានចំនួន៣២៧ទីតាំង។

គួរជម្រាបថា គិតត្រឹមឆ្នាំ២០១៩នេះ កម្ពុជាមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន ៣២៧កន្លែង អគារខ្ពស់ៗចំនួន ៤ជាន់ឡើងទៅមានចំនួន ១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន ៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន ៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន ២៦០ទីតាំង និងទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណប្រហែលជា ៣,៤ពាន់លានដុល្លារអាមេរិក៕