(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមេសប្រចាន់ បានថ្លែងជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានកាន់តែល្អប្រសើរ។
ការជំរុញរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញចូលរួមជាគណៈអធិបតី សម្ពោធខ្លោងទ្វាររបង និងសមិទ្ធផលនានា ក្នុងវត្តនទីជោតិវនារាម ហៅវត្តមេមល់ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិមេមល់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿថា សុបិន្តអ្នករបស់អ្នកមេសប្រចាន់ មិនខុសពីអ្នកពារំាង ព្រៃវែងយើងទេ គឺធ្វើម៉េចឲ្យមានហូបចុកគ្រប់គ្រាន់ កូនចៅបានរៀនសូត្រឲ្យបានល្អ កុំឲ្យមានអសន្តិសុខក្នុងភូមិ-ឃុំ កុំឲ្យកូនចៅប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង បងតូចបងធំ សាលារៀនមានគ្រប់គ្រាន់ កូនចៅពេលមានឈឺថ្កាត់គឺមានពេទ្យ។ ខ្ញុំជឿថា នេះជាការប៉ងប្រាថ្នាអ្នកមេសប្រចាន់នេះហើយ អ៉ីចឹងសុបិន្តរបស់យើងក៏មិនខុសគ្នា នឹងប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាសុបិន្តប្រទេសផ្សេងៗលើលោកដែរ»។
លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមួយក្រុមការងារថ្នាក់ជាតិចុះជួយឃុំមេសប្រចាន់ ត្រូវចូលរួមធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនៅក្នុងឃុំនេះ សម្រេចនូវការប៉ងប្រាថ្នា និងសម្រេចនូវសុបិន្តរបស់ពួកគាត់។
គួរបញ្ជាក់ផងដែរថា ពិធីឆ្លងខ្លោងទ្វាររបង និងសមិទ្ធផលនានា ក្នុងវត្តនទីជោតិវនារាម ហៅវត្តមេមល់ ស្ថិតនៅភូមិមេមល់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០៕