(កំពង់ឆ្នាំង)៖ លោកស្រី Shanti Harara អគ្គនាយិការ នៃក្រុមហ៊ុន Shanti Hara Cambodia Cosmetics Co.,Ltd ព្រមទាំងស្វាមីដែលជាប្រធានអង្គការ ADCC នាពេលថ្មីៗកន្លងទៅនេះ បាននាំយកអំណោយជាសម្ភារសិក្សា ថវិកា ស្បែកជើង កង់ ជែងលាងដៃសម្លាប់មេរោគ ព្រមទាំងចំណីអាហារជូនដល់សិស្សានុសិស្សចំនួន ២០០នាក់ និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា យុគគន្ធោ ស្រុកបរិបូណ៍ ដែលសាលានេះនៅតំបន់ដាច់ស្រយ៉ាលនៃខេត្តកំពង់ឆ្នាំង ខណៈដែលសាលារៀនកំពុងមានការខ្វះខាតច្រើន ព្រោះទើបតែឆេះកាលពីពេលកន្លងទៅ ។
លោកស្រី Shanti hara បានឲ្យដឹងថា ការចុះជួយនេះ ជាសណ្ដានចិត្តអាណិតអាសូរយ៉ាងពន់ពេក ដោយបានឃើញពីភាពក្រខ្សត់ និងភាពខ្វះខាតរបស់សាលា ព្រមទាំងសិស្សានុសិស្ស ហើយអំណោយសប្បុរសធម៍ ត្បិតមិនបានច្រើនក្ដី ប៉ុន្តែនេះជាទឹកចិត្តសប្បុរសដែលជាចំនែកនៃប្រាក់ចំនេញរបស់ក្រុមហ៊ុន ចែករម្លែកក្នុងនាមអ្នកមូស្លីមស្រលាញ់សន្តិភាព ស្រលាញ់ការជួយគ្នា។
លោកស្រីបន្តទៀតថា លោកស្រី និងស្វាមី នឹងនៅតែបន្តជួយដល់សហគមន៍ទៀត ព្រោះនេះជាសកម្មភាពល្អប្រសើរបំផុត ស្របតាមឆន្ទៈរបស់ថ្នាក់ដឹក ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាម្លប់សន្តិភាពនៃកម្ពុជា ដែលសម្ដេចដឹកនាំប្រទេសឲ្យមានការរីកចំរើន សេដ្ឋកិច្ចលូតលាស់ និង រំពឹងថាកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខនេះ។
គួរជម្រាបថា លោកស្រី Shanti Hara ព្រមទាំងស្វាមីដែលជាប្រធានអង្គការ ADCC តែងតែចុះជួយអ្កក្រីក្រនៅតាមសហគមន៍នានាទូទាំងប្រទេស ហើយអង្គការ ADCC ក៏បាន ចូលរួមចំនែកយ៉ាងច្រើនក្នុងការជួយកសាងសមិទ្ធផលនានាជាច្រើននៅតាមបណ្ដាសហគមន៍ឥស្លាមទូទាំងប្រទេស និងនៅតែបន្តជួយទៀតផងដែរ៕