(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បញ្ជាក់អំពីការពន្យារពេលរៀបចំសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០១៩ និងទិសដៅបន្ដ ឆ្នាំសិក្សា២០១៩-២០២០។
ក្រសួងអប់រំ បានអះអាងថា ការសម្រេចពន្យារពេលនេះគឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩។ ក្រសួងបញ្ជាក់ថា តាមការគ្រោងទុក សន្និបាតនេះ នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៣-២៥ ខែមីនា ឆ្នាំ២០២០ ប៉ុន្ដែពេលនេះត្រូវផ្អាកបណ្ដោះអាសន្ន រហូតមានការជូនដំណឹងថ្មី។
ជាមួយគ្នានេះ ក្រសួងអប់រំ ស្នើលោក លោកស្រី ប្រធាន ចាត់តំណាងម្នាក់ ក្នុងមួយអង្គភាព មកបើកសម្ភារ និងឯកសារផ្សេងៗ ពាក់ព័ន្ធនឹងសន្និបាតអប់រំ យុវជន និងកីឡា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅនាយកដ្ឋានរដ្ឋបាល៕