(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ដែលជាផ្សារទំនើបវិនិយោគដោយពលរដ្ឋកម្ពុជា១០០ភាគរយ ជួយលើកស្ទួយផលិតផលក្នុងស្រុក ដែលធ្វើឲ្យកសិករ និងអ្នកផលិតក្នុងស្រុកសម្បូរការងារធ្វើ។
ផ្សារទំនើប ជីប ម៉ុង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមន៍កសិករ និងអ្នកផលិតក្នុងស្រុក ដើម្បីធ្វើឱ្យទិន្នផលកសិកម្ម និងទំនិញផ្សេងៗ ដែលពួកគេផលិតបាន មានគុណភាពខ្ពស់ វិចខ្ចប់ប្រកបដោយស្ដង់ដារ អាចផ្គត់ផ្គង់មកកាន់ទីផ្សារបានទៀងទាត់ ព្រមទាំងជួយលក់ផលិតផលរបស់ពួកគេនៅក្នុងផ្សារទំនើបផងដែរ។
រាល់ទិន្នផលកសិកម្ម និងទំនិញទាំងអស់ ដែលផលិតក្នុងស្រុក នឹងមានដាក់អក្សរសម្គាល់ «ផលិតផលប្រទេសកម្ពុជា» ពេលដាក់តាំងលក់ក្នុងផ្សារទំនើប ជីប ម៉ុង ក៏ដូចជាពេលបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយនានា។ មុននឹងអនុញ្ញាតយកមកតាំងលក់ក្នុងផ្សារទំនើប ជីប ម៉ុង ផលិតផលក្នុងស្រុករបស់សមាគមន៍កសិករ និងអ្នកផលិតទាំងអស់នេះសុទ្ធតែមានប័ណ្ណប៉ាតង់ ឬវិញ្ញាបនប័ត្របញ្ជាក់ពីគុណភាព សុវត្ថិភាព ការចុះពិនិត្យដល់កសិដ្ឋានផ្ទាល់ និងការស្វែងយល់ច្បាស់លាស់ពីផលិតផល និង អ្នកផ្គត់ផ្គង់។ ដែលនេះជាមោទនភាពមួយ ដែលផ្សារទំនើប ជីប ម៉ុង បានចូលរួមជួយលើកស្ទួយផលិតផលក្នុងស្រុក៕