(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាប្រមាណជាង ៥០០នាក់។
លោក ខ័ណ ចំណាន អភិបាលរងខេត្តក្រចេះ បានឲ្យដឹងថាក្នុងឆ្នាំ២០១៩កន្លងមកក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាល ខេត្តក្រចេះផ្ទាល់ បានអនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលយកសេវានៅអង្គភាព ច្រកចេញចូលតែមួយ បានឆាប់រហ័ស និងទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះក៏បានបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ស្ពាន ផ្លូវ ថ្នល់ លូ សួនច្បារ ច្រាំងទន្លេ រង្វង់មូលវិមានឯករាជ និងសំណង់អគារខ្ពស់ៗជាដើម។
លោក វ៉ា ថន បានបញ្ជាក់ដែរថា អង្គសន្និបាតនេះនឹងមានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលក្រុមការងារបានរៀបចំរួចជាស្រេចជូនដល់ សមាជិក សមាជិកានៃអង្គសនិ្នបាត ដូច្នេះសូមសមាជិកសមាជិកាទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុលអំពីសមិទ្ធិផល បញ្ហាប្រឈមនិងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗសម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារនៅឆ្នាំ២០២០នេះ ឲ្យមានប្រសិទ្ធិភាពថែមទៀត ។
លោក វ៉ា ថន ក៏បានបញ្ជាក់អំពីមេរោគ COVID-១៩ ដោយយើងទាំងអស់គ្នាមិនត្រូវភ័យស្លន់ស្លោ ហើយជឿពាក្យចចាមអារាមនោះទេ គឺយើងទាំងអស់គ្នាត្រូវរួមគ្នា ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺនេះ ដោយសំអាតខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ មុនពិសារចំណីអាហារ ឬប៉ះពាល់មាត់ច្រមុះ។
ម្យ៉ាងវិញទៀត បើបងប្អូនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើមនឹងទើបធ្វើដំណើរពីប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺ បង្កឡើងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជើញទៅពិគ្រោះជំងឺនៅគ្រប់មន្ទីរពេទ្យខេត្ត ឬក៏នៅភ្នំពេញ។ ត្រូវបន្តផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋឲ្យយល់ដឹង និងចេះការពារពីការឆ្លងជម្ងឺកូវីដ១៩ តាមបទដ្ឋានអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសតាមទីតាំងមណ្ឌលកំសាន្តនានា ត្រូវពង្រឹងការការពារជាប់ជាប្រចាំ ជាពិសេសតាមមន្ទីរអង្គភាពត្រូវមានដាក់សម្ភារសម្រាប់ការពារ និងលាងដៃដល់មន្ត្រីរបស់យើងផងដែរ៕