(ភ្នំពេញ)៖ មកដល់ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីត១៩ (COVID-19) ចំនួន ១២ករណីហើយ។ ទាំង១២ករណីនេះ មានប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមចំនួន ៤ករណី និង៨ករណីផ្សេងទៀតជាជនបរទេស។
ដោយបារម្ភខ្លាចមានការរីករាលដាលនៃជំងឺនេះកាន់តែខ្លាំងគេបានសង្កេតឃើញថា នៅតាមក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជន កំពុងអនុវត្តន៍នូវវិធានការមួយចំនួន ដើម្បីបង្កាការឆ្លងជំងឺកូវីត១៩នេះ។ នៅតាមក្រសួងស្ថាប័នរបស់រដ្ឋមន្ត្រី ត្រូវបានមន្ត្រីរាជការមុនចូលទៅដល់កន្លែងធ្វើការត្រូវបានវាស់កំដៅ និងតម្រូវឱ្យលាងដៃ ឬបាញ់ដៃនឹងអាល់កុលសម្លាប់មេរោគជាដើម។
តាមកម្មវិធីប្រជុំនិងកម្មវិធីផ្សេងៗរបស់ក្រសួង ស្ថាប័នទាំងនោះ អ្នកចូលរួមប្រជុំក្នុងកម្មវិធី ក៏តម្រូវវាស់កំដៅ លាងដៃ ឬបាញ់សម្លាប់មេរោគជាដើម ខណៈកន្លែងខ្លះទៀត មិនវាស់កំដៅនោះទេ គឺតម្រូវឱ្យត្រឹមលាងដៃ ឬបាញ់អាល់កុលសម្លាប់មេរោគលើដៃប៉ុណ្ណោះ។
ក្រៅពីស្ថាប័នរបស់រដ្ឋ នៅតាមស្ថាប័នរបស់ឯកជននៅតាមក្រុមហ៊ុន អគារពាណិជ្ជកម្ម អាហារដ្ឋានជាដើម ក៏ត្រូវបានអនុវត្តន៍នូវវិធានទាំងនេះផងដែរ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីត១៩នេះ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ក៏បានចេញសារាចរណ៍ណែនាំមួយចំនួនផងដែរ។
ក្នុងសារាចរនោះ ហាមធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បើមិនមានការចាំបាច់បំផុតដែលខានពុំបាន, គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឡើយ។
សរាចរណ៍បន្ថែមថា ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំ នៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។
ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចវិស្សមកាលតូចមុនកាលកំណត់ នៅគ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ចាប់ពីមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា៕