(ភ្នំពេញ)៖ លោក ហួ ធីនាង នាយកប្រតិបត្តិ នៃក្រុមហ៊ុនអង្គរហ្គ្រីន ផ្នែកជីថ្នាំកសិកម្មកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនអង្គរហ្រ្គីន គឺជាទីប្រឹក្សាមួយដ៏ល្អបំផុត ផ្ដល់នូវដំណោះស្រាយលើផ្នែកកសិកម្ម ដល់ម្ចាស់ចម្ការ ក្នុងការថែរក្សាមិនឲ្យជួបការលំបាកលើបញ្ហាដំណាំខូចផ្សេងៗជាច្រើន និងជួយបង្កើនទិន្នផលផ្នែកកសិកម្មគ្រប់ប្រភេទដំណាំបានច្រើនជាងមុនផងដែរ។
ការបញ្ជាក់របស់នាយកប្រតិបត្តិរូបនេះ បានធ្វើឡើងក្នុងពិធីជួបជុំ និងបរិភោគអាហារសាមគ្គីនៃមហាគ្រួសារអង្គរហ្រ្គីន ប្រចាំឆ្នាំ២០២០ និងមានប្រគល់ប័ណ្ណសរសើរជូនដល់ដេប៉ូឆ្នើម និងមានចាប់រង្វាន់ជាច្រើនទៀត ដែលនិងរៀបចំឡើងដោយក្រុមហ៊ុនអង្គរហ្រ្គីនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ នៅសណ្ឋាគារភ្នំពេញ ដែលមានម្ចាស់ដេប៉ូចែកចាយមកពីបណ្ដាខេត្ត នានាសរុបប្រមាណជាជាង១៥០នាក់ផងដែរ។
លោក ហួ ធីនាង បានបញ្ជាក់ទៀតថា «ក្រុមហ៊ុនអង្គរហ្រ្គីនតែងតែចូលរួមគាំទ្រផ្នែកកសិកម្មជាច្រើន ដែលផ្ដល់នូវចំណេះដឹងបច្ចេកទេសផ្សេងៗជាច្រើន ទៅដល់បងប្អូនម្ចាស់ចម្ការជាកសិករ នៅក្នុងប្រទេសកម្ពុជាទាំងមូល ហើយអង្គរហ្រ្គីនមិនត្រឹមតែផ្ដោតនូវការលក់ជីថ្នាំកសិកម្មនោះទេ ប៉ុន្តែក្រុមហ៊ុនយើងក៏មានផ្ដល់នូវដំណោះស្រាយជាកញ្ចប់ជួនដល់បងប្អូនម្ចាស់ចម្ការ និងកសិករ ឲ្យពួកគាត់មានសមត្ថិភាពលើផ្នែកបច្ចេកទេស ដើម្បីឲ្យការផលិតរបស់ពួកគាត់ទទួលបានជោគជ័យ និងថ្លៃដើមក្នុងការផលិតទាប តែផលិតភាពកើនលើទិន្នផលបានច្រើន»។
លោកបានបន្តថា ចំណុចសំខាន់មួយវិញទៀត «មិនត្រឹមតែផ្ដោតទៅលើបច្ចេកទេសក្នុងការដាំដុះប៉ុណ្ណោះទេ គឺផ្ដោតទៅលើស្ដងដារ ដោយធ្វើយ៉ាងណាឲ្យផលិតផលរបស់យើង ក៏ដូចជាផលិតផលរបស់កសិករជាម្ចាស់ចម្ការផ្ទាល់ចូលក្នុងស្ដងដារអាចប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាង និងអន្តរជាតិផងដែរ»។
លោកបន្ថែមថា លើសពីនេះទៅទៀតអ្នកជំនាញរបស់ក្រុមហ៊ុនក៏បានបង្ហាញពីផលិតផលថ្មីៗជាច្រើនទៀត និងផលិតផលល្បីៗ ក៏ដូចជាអត្ថប្រយោជន៍ និងមុខងារនៃការប្រើប្រាស់ផលិតផល ទាំងនោះឲ្យមានប្រសិទ្ធភាពល្អត្រឹមត្រូវតាមលក្ខណបច្ចេកទេស និងដើម្បីឲ្យដេប៉ូកាន់តែមានជំនាញច្បាស់លាស់ និងជួយពួកគាត់អោយមានទំនុកចិត្តបន្ថែមទៀត អាចលក់ផលិតផលដែលមានគុណភាពចំគោដៅជូនកសិករផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអង្គរហ្រ្គីន ជាក្រុមហ៊ុនដែលបាននិងកំពុងផ្ដល់ដំណោះស្រាយផ្នែកកសិកម្មពិសេសការនាំបច្ចេកវិជ្ជាទំនើបៗមកកម្ពុជាតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយបាននិងកំពុងចែកចាយផលិតផលរបស់ខ្លួននៅទូទាំង២៥ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា រួមជាមួយការស្វែងរកទីផ្សារកសិផល និងសត្វចិញ្ចឹមជូនកសិករកម្ពុជា៕