(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ៥០លានដុល្លារ គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម។

សន្និសីទនេះ រៀបចំឡើងនៅទីស្នាក់ការរបស់ធនាគារអភិវឌ្ឍន៍ជនបទ។

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺ Covid-19 និងការព្យួរភាពអនុគ្រពន្ធ EBA កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍជនបទ (RDB) ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង៕