(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់អាជ្ញាធរអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវអនុវត្តន៍ឱ្យមានម៉ឹងម៉ាត់បំផុត ចំពោះក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀម ជាពិសេសបទល្មើសធំៗ ត្រូវតែអនុវត្តន៍តាមផ្លូវច្បាប់លើជនទាំងអស់នេះ ដោយគ្មានការលើកលែង ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។
ការស្នើឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងបន្ទាប់ពីមានមតិសាធារណៈមួយចំនួន បានរិះគន់មកលើអាជ្ញាធរ ចំពោះការអនុវត្តន៍ច្បាប់ ដល់មេក្លោងចែកចាយគ្រឿងញៀន ថាមិនស្មើរភាពគ្នាចំពោះមុខច្បាប់ កន្លងមកនេះ។
ការស្នើឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោក បានអញ្ជើញបើកសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី-ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធលើយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មកពីទូទាំងរាជធានី-ខេត្ត។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងដូច្នេះថា៖ «ការសម្រេចផ្តន្ទាទោសខ្លះៗ ក៏នៅមានបញ្ហាត្រូវការពិនិត្យឱ្យបានត្រឹមត្រូវតាមស្មារតីច្បាប់ ជាពិសេសលើករណីធំៗ មានឈ្មួញឧក្រិដ្ឋ ដែលមានឥទ្ធិពលក្នុងសង្គម និងទ្រព្យសម្បត្តិច្រើនដែលកើតមកពីបទល្មើសគ្រឿងញៀន ចំណុចនេះ ខ្ញុំសូមលើកបន្តិច តាមពិតតុលាការត្រូវបានលើកហើយ មាន៨ពាន់ករណី ក្នុងមួយឆ្នាំច្រើន ណាស់ ដែលធ្វើការកោតសសើរ នៅក្នុងស្ថាប័នច្បាប់ [...] ប៉ុន្តែ មានករណីខ្លះមតិសាធារណៈគេនៅតែសង្ស័យលើការសម្រាលទោស មិនមែនទាំងអស់ តែភាគច្រើនករណីធំៗ ដែលផ្សាយចេញ នូវលទ្ធផលកន្លងមកនេះ ប៉ុន្តែ កន្លងមកនៅតែមានការសង្ស័យ អញ្ចឹងសូមឱ្យពិនិត្យ ប្រុងប្រយ័ត្នបំផុត ហើយខ្ញុំសូមស្នើនាយកដ្ឋានអនុវត្តន៍ច្បាប់ របស់អាជ្ញាធរ ត្រូវតាមដានករណីធំៗនេះ ឱ្យជាប់ដោយមិនមានការលើកលែង»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា បទល្មើសគ្រឿងញៀន ដែលអាជ្ញាធរបង្ក្រាបនៅក្នុងឆ្នាំកន្លងមកនេះ គឺមានការកើនឡើងប្រមាណ ២២.៥៤ភាគរយក ជនសង្ស័យដែលបានឃាត់ខ្លួន កើនឡើងប្រមាណ ២៤.០៣ភាគរយ។ រីឯគ្រឿងញៀនគ្រប់ប្រភេទ ដែលចាប់យកបាន ក៏កើនឡើងប្រមាណ ៣៩.៩៦ភាគរយដែរ។ ទាំងនេះ បញ្ជាក់យ៉ាងច្បាប់ថា បញ្ហាគ្រឿងញៀន នៅតែបន្តបញ្ហាដ៏ស្មុគស្មាញនេះ ជាបន្តបន្ទាប់ដែលត្រូវទាមទារឱ្យចាត់វិធានការឱ្យកាន់តែសកម្មថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយឱ្យមានប្រសិទ្ធភាព នូវបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ថែមទៀតថា ចំពោះការអនុវត្តច្បាប់ គឺមានការកើនឡើង គឺមិនត្រឹមតែចំនួនករណីនៃបទល្មើស ដែលបង្ក្រាបបានប៉ុណ្ណោះទេ ប៉ុន្តែ ចំនួនជនសង្ស័យដែលបានឃាត់ខ្លួន និងបរិមាណគ្រឿងញៀន ដែលចាប់យកបានក៏មានការកើនឡើងផងដែរ។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ខិតខំបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីចូលរួមផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សហគមន៍ ទូទាំងប្រទេសកម្ពុជា ផងដែរ។
បើយោងតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា នៅឆ្នាំ២០១៩ គឺជាការអុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ (ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) ដោយអនុវត្តច្បាប់ បង្ក្រាបបានចំនួន៩,៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ២០,៤៩០នាក់ រឹបអូសគ្រឿងញៀន បានចំនួន៧៥០គីឡូក្រាម គឺមានការកើនឡើង៣០ភាគរយ លើឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះករណីបទល្មើសគ្រឿងញៀនធំៗ ចាប់បាន០១គីឡូក្រាមឡើង មានចំនួន៦១ករណី បរិមាណគ្រឿងញៀន ចាប់យកមានចំនួនច្រើន (៧០០គីឡូក្រាម) បើគិតទៅលើគ្រឿងញៀន ដែលរឹបអូសបានក្នុងឆ្នាំ២០១៩ (៧០០គីឡូក្រាម/៧៥០គីឡូក្រាម) គឺស្មើនឹងជាង៩០ភាគរយ៕