(ភ្នំពេញ)៖ ពិធីបិទវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញបើកបរ និងជួសជុលរថយន្ត ជំនាន់ទី៣ ដែលមានសិក្ខាកាម ចំនួន៦៣នាក់ នៃកងពលតូចលេខ៧០ ដែលបានទទួល ការបណ្តុះបណ្តាល លើជំនាញបើកបរ និងជួសជុលរថយន្ត បានបញ្ចប់ការបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ហើយនិងបានទទួលវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាផងដែរ។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ត នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់ វណ្ណា រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងមានការចូលរួមពី មេបញ្ជាការរងកងពលតូចលេខ៧០ និងនាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណ៣០០នាក់។
ក្នុងគោលបំណង នៃវគ្គសិក្សានេះ គឺដើម្បីបង្កើនចំណេះដឹង ក្នុងការប្រើប្រាស់ និងថែទាំរថយន្ត តាមលក្ខណៈត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេស ជាពិសេសអាច ដោះស្រាយទាន់ពេលវេលានូវ ជំនួបឧបសគ្គផ្សេងៗ ការខូចខាតបន្តិចបន្តួច ក្នុងពេលបំពេញភារកិច្ចធានាបាននូវ រាល់ការដឹកជញ្ជូន អូសសណ្តោងតាមតម្រូវការ។
ទន្ទឹមនឹងនេះផងដែរ ការទំនាក់ទំនង ជាមួយដៃគូអភិវឌ្ឍន៍ ក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ នូវការជួយឧបត្ថម្ភគាំទ្រដល់វិស័យ បច្ចេកទេសជាថវិកា ជាផ្នែក បច្ចេកទេសរថយន្ត រ៉ឺម៉កសណ្តោង នាវា គ្រឿងចក្រ និងសម្ភារៈ គ្រឿងបន្លាស់ផ្សេងៗជាបន្តបន្ទាប់ បានបង្កលក្ខណៈល្អ និងរួមចំណែកលើកស្ទួយ វិស័យបច្ចេកទេស នៅក្នុងកងយោធពល ខេមរភូមិន្ទ ឲ្យមានការវិវត្តន៍ជាលំដាប់។
លោកឧត្តមសេនីយ៍ទោ គង់ វណ្ណា រិទ្ធ ក៏បានថ្លែងណែនាំ ឲ្យបើកបរដោយប្រុងប្រយ័ត្ន គិតសុវត្ថិភាពអ្នកក្នុងឡាន និងពិនិត្យសុវត្ថិភាព យានយន្តមុនចេញដំណើរ។
សូមជម្រាបថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលបើកបរ និងជួសជុលរថយន្តនេះ បានជួយដល់ការកសាងធនធានយោធិនបន្តវេន ដើម្បីចូលរួមយ៉ាងសំខាន់ ក្នុងការសម្រេច ភារកិច្ចចល័តដឹកជញ្ជូន និងប្រតិបត្តិការ របស់កងពល៕