(កំពង់ឆ្នាំង)៖ ប្រឡាយទឹកប្រវែងជាង ៣គីឡូម៉ែត្រ ចេញពីទន្លេសាបមកតំបន់ស្រែប្រាំងស្ថិតនៅក្នុងភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពេលនេះត្រូវបានប្រជាកសិករកំពុងជួលគ្រឿង ចក្រកកាយឲ្យជ្រៅ និងពង្រីកឲ្យធំជាងមុន ទៅតាមផែនការរបស់អាជ្ញាធរស្រុកដែល ទទួលបានថវិការពីរាជរដ្ឋាភិបាល តាមរយៈក្រសួង និងមន្ទីរធនធានទឹក ដើម្បីនាំទឹកស្រោចស្រពដី ស្រែជាង ១ពាន់ហិកតា។
តាមគម្រោងជីកនិងស្ដារប្រឡាយខាងលើនេះ ខ្នងប្រឡាយនេះ ក៏ត្រូវបានឈូសឆាយ និងកិនបង្ហាប់ធ្វើជាផ្លូវលំ សំរាប់ដឹកកសិផលពីស្រែមកកាន់មូលដ្ឋានផងដែរ។
ចំណាត់ការនេះធ្វើឲ្យប្រជាកសិករជាម្ចាស់ស្រែប្រាំង រីករាយសប្បាយចិត្តគ្រប់ៗគ្នា នឹងសង្ឃឹមថាឆ្នាំក្រោយៗ ស្រូវក្នុងសែ្ររបស់ពួកគាត់ នឹងលែងខ្វះទឹកដូចឆ្នាំមុនៗទៀត ព្រមទាំងមានជីវភាពធូរធា ជាងឆ្នាំមុនៗផងដែរ ដោយសារតែពួកគាត់អាចធ្វើស្រែបានពីរដង ដូច្នេះស្រែដែលពួកគាត់មាន ១ហិកតា ក្លាយទៅជា ២ហិកតា បើមានពី ២ហិកតាក្លាយទៅជា ៤ហិកតា ដោយសារតែសំបូរទឹកពួកគាត់អាចធ្វើស្រែបាន ២ដងក្នុងមួយរដូវ។
តំណាងប្រជាកសិករ និងគណៈកម្មការគ្រប់គ្រងទឹកក្នុងភូមិគជ្រុំ បានឲ្យដឹងថា នៅក្នុងតំបន់នេះ ជារៀងរាល់ឆ្នាំការធ្វើស្រែប្រាំងតែងខ្វះខាតទឹក ដោយសារប្រឡាយចាស់បានគោករាក់ ហើយប្រជាកសិករ ពុំមានលទ្ធភាពស្តារវិញបាន។
នៅរាល់ឆ្នាំក៏បានធ្វើឲ្យស្រូវក្នុងស្រែមួយចំនួនខូចខាតស្វិត និងស្កកអស់ជាច្រើនហិកតាផងដែរ ព្រោះអាកាសធាតុកាន់តែប្រែប្រួល។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ តាមសំណូមពរប្រជាកសិករ ប្រមុខរាជរដ្ឋាភិបាល ក៏បានទម្លាក់ថវិកាជួយស្តារប្រឡាយនេះ ដែលមានប្រវែង ៣៥០០ម៉ែត្រ ឲ្យជ្រៅ និងឲ្យធំជាងមុន ដើម្បីនាំទឹកពីទន្លេមកស្រោចស្រពដីស្រែប្រជាកសិករជាង ១ពាន់ហិកតា ហើយខ្នងប្រឡាយនេះ ក៏បានក្លាយជាផ្លូវលំងាយស្រួលក្នុងការដឹកជញ្ជូនផលស្រូវ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ផងដែរ។
ប្រជាកសិករទាំងអស់បានសាទរ និងថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម ដែលជានិច្ចជាកាល តែងតែគិតគូរ និងយក ចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក របស់ប្រជាកសិករនៅគ្រប់ទីកន្លែង ជាពិសេសចំពោះការខ្វះខាតទឹកស្រោចស្រព្វតែម្តង។
ប្រជាកសិករបានឲ្យដឹងទៀតថា គម្រោងស្តារប្រឡាយនេះគឺ បាតក្រោមមានទទឹង ៣ម៉ែត្រ មាត់លើទទឹង ១២ម៉ែត្រ ជម្រៅ ៩ម៉ែត្រ និងបណ្តោយសរុបមានប្រវែង ៣៥០០ម៉ែត្រ ហើយមកដល់ថ្ងៃនេះ ការស្តារប្រឡាយនេះបានជាង ៤០%ហើយ និងប្រហែលជាបញ្ចប់គម្រោងនេះ នៅពាក់កណ្តាលខែមេសាខាងមុខនេះ។
ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា គម្រោងការស្តារ និងជីកប្រឡាយខាងលើនេះ ពិតជាមានសារប្រយោ ជន៍សំខាន់ណាស់ ដល់ប្រជាកសិករ ក្នងឃុំកោះថ្កូវ ដែលកន្លងមកស្រែពួកគាត់ តែងខ្វះខាតទឹករៀងរាល់ឆ្នាំ ដោយសារការបំរែបំរួលអាកាសធាតុ ប៉ុន្តែឥឡូវនេះពួកគាត់លែងព្រួយបារម្មណ៍ទៀតហើយ ព្រោះសង្ឃឹមថាពេលស្តារ និងជីកប្រឡាយនេះរួច ស្រូវស្រែរបស់ពួកគាត់ពិតជាមានទិន្នផលខ្អស់ ដែលអាចប្រមូលផលផ្គត់ផ្គង់ក្នុងក្រុមគ្រួសារបានធូរធាមិនខានឡើយ ពេលមានទឹកគ្រប់គ្រាន់ ពួកគាត់អាចធ្វើបានក្នុង១ឆ្នាំ២ដងឯណោះ៕