(ភ្នំពេញ)៖ ក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន បានផ្ញើសារ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល, លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកឧកញ៉ា ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការ និងញាតិមិត្តជាច្រើនរូបដែលបានគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានប្រារព្ធធ្វើនៅ ភូមិគ្រឹះសម្តេចវិបុលបញ្ញា សុខ អាន និងនៅប្រាង្គចេតិយក្នុងវត្តសារាវ័នតេជោ ចាប់ពីរសៀលថ្ងៃទី១៤ ដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
កាយវិការដ៏ប្រពៃនិងវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បានញ៉ាំងឱ្យកម្មវិធីបុណ្យកាន់តែមានភាពអធិកអធម ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល និងបានបង្ហាញឱ្យឃើញការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះសម្តេចវិបុលបញ្ញា សុខ អាន ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ មានគុណបំណាច់ និងស្នាដៃដ៏ធំធេង ដែលស្ទើរពេញ មួយជីវិត របស់សម្តេច លោកបានចំណាយ ពេលវេលាខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់ បូជាទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ អស់រយៈពេលជិត ៥ទសវត្សរ៍ ជាពិសេសក្រោមអគ្គមគ្គុទេ្ទសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងនាមភរិយា កូនបង្កើត កូនប្រសារ និងចៅៗ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការ សម្របសម្រួលរៀបចំកម្មវិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ឱ្យបានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងរលូន និងដោយសុវត្ថិភាពខ្ពស់បំផុត។
ហើយក៏សូមការអធ្យាស្រ័យពីសាធារណជន ចំពោះការប៉ះពាល់ដល់ការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នាពេលរៀបចំពិធីបុណ្យ។ ជាថ្មីម្តងទៀត ក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន សូមគោរពថ្លែងអំណរគុណ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមសម្តេចបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំង សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស និងញាតិមិត្តទាំងអស់សូមបានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕