(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នៅនិវេសនដ្ឋានឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា។
កម្មវិធីនេះ មានការចូលរួមពីអង្គការដោះមីន HALO Trust, MAG និង អង្គការ NPA (ប្រតិបត្តិករដែលទទួលជំនួយ និងប្រើប្រាស់ថវិកាពី UK)។
ក្នុងឱកាសនោះ លោកស្រី Tina Redshaw បានថ្លែងថា ចក្រភពអង់គ្លេស នឹងផ្តល់ថវិកាចំនួន៤.៣លានដុល្លារអាមេរិក បន្ថែមជួយដល់កម្មវិធីសកម្មភាពមីនសកលទី២ (GMAP2) ក្នុងរយៈពេល១ឆ្នាំ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២១ មុននឹងចាប់ផ្តើមបន្តកម្មវិធីសកម្មភាពមីន សកលទី២ ឆ្នាំ២០២១។
លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមថា កម្ពុជា និងចក្រភពអង់គ្លេស មានបេសកកម្មរួមគ្នា ក្នុងការចូលរួមសង្រ្គោះជីវិតមនុស្ស ឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលបានចូលរួមជួយដល់ការងារបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩២ លើផ្ទៃដីជាង១២២គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត ៧ ម៉ឺនគ្រាប់។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យចក្រភពអង់គ្លេស បន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥) ដើម្បីឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងគ្មានមីន ឆ្នាំ២០២៥ (មីនប្រឆាំងមនុស្ស និងមីនប្រឆាំងរថក្រោះ)។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីនមនុស្សធម៌ គឺជាបេសកកម្មដ៏មោះមុត របស់យើងទាំងអស់គ្នា ក្នុងការខិតខំប្រឹងប្រែង «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥»។ នៅពេលកម្លាំងមនុស្សធម៌រួមគ្នា ថ្ងៃថ្មី នឹងកើតមានឡើង និងជា៖
* ថ្ងៃដែលកូនរបស់យើង ធ្វើដំណើរទៅកាន់សាលារៀនដោយសុវត្ថិភាព ហើយអាចដើរបានគ្រប់ផ្លូវដែលពួកគេចង់ដើរ
* ថ្ងៃដែលឪពុកម្តាយមិនចាំបាច់ខ្វាយខ្វល់ ពីសុវត្ថិភាពនៅពេលកូនរបស់ពួកគាត់ដើរលេង
* ថ្ងៃដែលកសិករអាចព្យួររាស់ដីថ្មីប្រកបដោយសុវត្ថិភាព ក្នុងខេត្តបាត់ដំបង
* ថ្ងៃដែលភ្ញៀវទេសចរអាចធ្វើដំណើរទស្សនា នៅតាមផ្លូវថ្មីឆ្លងកាត់ជួរភ្នំដ៏ស្រស់ស្អាត ក្នុងខេត្តពោធិ៍សាត់
* ថ្ងៃដែលគ្រប់ភូមិ ឃុំ អាចពង្រីកដីសាងសង់លំនៅដ្ឋាន សាលារៀន ផ្លូវ និងស្ពានដោយសុវត្ថិភាព
* ថ្ងៃដែលអ្នកភូមិអាចដើររកអុស នៅក្នុងព្រៃនៃ ខេត្តប៉ៃលិន
* ថ្ងៃដែលគ្រូពេទ្យមិនចាំបាច់ ពិបាកសំរេចចិត្តក្នុងការកាត់ជើងប្រជាជនណាម្នាក់
* ថ្ងៃដែលយើងអាចនិយាយបានថា គ្រាប់មីនត្រូវបានដោះនិងកម្ទេចអស់ ហើយវីរជនដោះមីនរបស់យើង អាចប្រើប្រាស់ជំនាញរបស់ពួកគេ ដើម្បីជួយប្រទេសផ្សេងៗទៀត ក្នុងបេសកកម្មរក្សាសន្តិភាព៕