(ស្វាយរៀង)៖ ជនជាតិអាល់ហ្សេរី និងស្ត្រីខ្មែរម្នាក់ដែលធ្វើដំណើរទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិបាវិតកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចវៀតណាមបញ្ជូនមកកម្ពុជាវិញ ហើយត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ទីរសុខាភិបាលខេត្តស្វាយរៀង ទៅលើការទប់ស្កាត់ និងការបង្ការ នៅល្ងាចថ្ងៃទី១៥ ខែមីនា បានបញ្ជាក់ថា ក្រោយពីយកកំហាករបស់ជនជាតិ អាល់សេរី និងស្រ្តីខ្មែរម្នាក់ទៀតទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផល គឺពួកគេទាំងពីរនាក់អវិជ្ជមានវីរុសកូវីដ១៩។ នេះជាការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងបានឲ្យភ្នាក់ងារ Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
លោក កែរ រដ្ឋា បានបញ្ជាក់ថា សមត្ថកិច្ចវៀតណាមរកឃើញជនជាតិអាល់សេរី និងស្ត្រីខ្មែរមានកំដៅឡើងក៏រុញមកកម្ពុជាវិញ មន្ត្រីចត្តាឡីសក្ក័យើងក៏ពិនិត្យមានកំដៅ ៣៨.៥c° ក្តៅ ក្អក ហៀរសំបោរ ទើបបញ្ជូនទៅដាក់បន្ទប់ដាច់ដោយឡែកដើម្បីតាមដានជងឺ។
លោក កែរ រដ្ឋា បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី១៥ ខែមីនា បុរសជនជាតិអាល់ហ្សេរី និងមិត្តស្រី បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តស្វាយរៀង ហើយបន្ទាប់ពីលទ្ធផលពីវិទ្យាស្ថានបាស្ទ័របញ្ជាក់ ថា អវិជ្ជមាន រីឯអ្នករួមដំណើរក្នុងរថយន្ត ៤នាក់ទៀត ក៏បានអនុញ្ញាតឱ្យចេញពីសណ្ឋាគារផងដែរ។
លោក កែរ រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកចែកចាយព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ត្រូវយោងទៅលើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលជាមុនសិន ចៀសវាងការផ្សាយនូវព័ត៌មាន មិនពិតអាចនឹងប្រឈមចំពោះមុខច្បាប់៕