(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ តុលាការនឹងចាប់ផ្តើម បើកសវនាការសំណុំរឿង ជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា ករណីបើកការបាញ់ប្រហារ ក្នុងក្លឹបកំសាន្តលុច្សសារី ហើយបណ្តាលឲ្យនារីរូបស្រស់ម្នាក់ឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ រងរបួសបាក់ភ្លៅ។ នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News។
ការលើកយកសំណុំរឿងបទឧក្រិដ្ឋនេះ មកធ្វើការជំនុំជម្រះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានប្រកាសលើកពេលម្តងហើយម្តងទៀត ជាច្រើនលើករួចមកហើយ។
គេនៅចាំបានថា កាលពីវេលាទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅមានករណីបាញ់ប្រហារមួយ បានកើតឡើងនៅក្នុងក្លឹបកម្សាន្តរាត្រីមួយ មានយីហោ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥សង្កាត់បឹងរាំង ខណ្ឌដូនពេញ ររាជធានីភ្នំពេញ បង្កឡើងដោយជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា បានបើកការបាញ់ប្រហារលើជនរងគ្រោះ ឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ បណ្ដាលឲ្យរងរបួសបាក់ភ្លៅ។
សូមបញ្ជាក់ថា លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ វីន សុក្របញ្ញា ពីបទប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មក លោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩៕