(ភ្នំពេញ)៖ លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលខាងមុខនេះ គ្រោងកែលម្អសោភ័ណ្ឌភាព រៀបចំក្រាលការ៉ូឡា ជីកអណ្តូងទឹកស្អាតប្រើប្រាស់ កែប្រែបង្គន់បង្កើតទៅជាកន្លែងអនាម័យលាងដៃ និងចាក់បេតុងទីធ្លា សាលាបឋមសិក្សាឫស្សីកែវ ផងដែរ។
គម្រោងរបស់អភិបាលខណ្ឌឫស្សីកែវ ខាងលើនេះ បានត្រៀមធ្វើឡើង បន្ទាប់ពីក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌ បានចុះត្រួតពិនិត្យជាក់ស្ដែង និងទទួលយកសំណើរទៅសិក្សា ពីគណៈនាយកសាលាបឋមសិក្សាឫស្សីកែវ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
ការចុះត្រួតពិនិត្យសិក្សាជាក់ស្ដែង និងសម្រេចទទួលយកសំណើរទៅសិក្សា ក្នុងការកែលម្អសោភ័ណ្ឌភាព រៀបចំក្រាលការ៉ូឡា ជីកអណ្តូងទឹកស្អាតប្រើប្រាស់ កែប្រែបង្គន់បង្កើតទៅជាកន្លែងអនាម័យលាងដៃ និងចាក់បេតុងទីធ្លា សាលាបឋមសិក្សាឫស្សីកែវនេះ ស្ថិតក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក សំ ប៊ន ទីប្រឹក្សាផ្ទាល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់-ខណ្ឌ ផងដែរ។
ជាការឆ្លើយតបតាមសំណើរ ក្នុងការលម្អសោភ័ណ្ឌភាព ពីគណៈនាយកសាលាបឋមសិក្សាឫស្សីកែវ ក៏ដូចជាអាជ្ញាធរសង្កាត់ និងលោក ជា ពិសី អភិបាលខណ្ឌ, ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង បានសម្រេចយកទៅសិក្សាគម្រោងមួយនេះដូចជា៖
*១៖ ការរៀបចំក្រាលការ៉ូឡា នៅក្នុងបរិវេណសាលា ទំហំ ៥៤០ម៉ែត្រក្រឡា (៦ម៉ែត្រ×៩០ម៉ែត្រ)
*២៖ សិក្សាការជីកអណ្តូងទឹកស្អាតប្រើប្រាស់
*៣៖ កែប្រែបង្គន់ដោយវាយចោល ហើយបង្កើតទៅជាកន្លែងអនាម័យលាងដៃ
*៤៖ គ្រោងចាក់បេតុង ទំហំ ៧៩២ម៉ែត្រក្រឡា (១៣២ម៉ែត្រ×៦ម៉ែត្រ)៕