(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយទាហានជាន់ខ្ពស់ ចំណុះអគ្គបញ្ជាការដ្ឋាន។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ និងសេចក្ដីសម្រេចរបស់អគ្គបញ្ជាការ សម្រេចផ្ទេរភារកិច្ចនាយទាហាន ០៣រូប ទៅទទួលតំណែងជានាយរងសេនាធិការ ចម្រុះ និងតែងតាំងមុខតំណែងថ្មីនាយទាហានចំនួន ០៤រូប ក្នុងនោះមាន៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការ, នាយកអធិការដ្ឋាន, នាយសេនាធិការកងទ័ពជើងអាកាស និង នាយលេខាធិការដ្ឋានសេនាធិការចម្រុះ ។
មានមតិក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកថា ការតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ជាកិច្ចការធម្មតា ដើម្បីកែសម្រួលភារកិច្ច និងស្របតាមកំណែទម្រង់របស់ កងយោធពលខេមរភូមិន្ទ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហានត្រូវបានផ្ទេរភារកិច្ច ដែលក្នុងរយៈកាលកន្លងមកនេះបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់នាយទាហានទើបទទួលមុខតំណែងថ្មី ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ រាជរដ្ឋាភិបាល និងអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ច្បាប់លក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ បទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ៕