(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបំពេញបេសកកម្មសម្អាតផ្លូវទូទាំងប្រទេស បានទៅដល់ខេត្តបាត់ដំបង និងកំពុងសម្អាតវីថីក្នុងខេត្តនេះ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមីនា។
នេះគឺជាលើកទីបីហើយ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបំពេញបេសកកម្មរបស់ខ្លួននៅខេត្តបាត់ដំបង ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពខេត្តបាត់ដំបងឲ្យកាន់តែស្រស់បំព្រង។
តំណាងរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តនេះ សាទរចំពោះវត្តមានរបស់រថយន្តសម្អាតផ្លូវក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានសម្អាតផ្លូវក្នុងខេត្តមួយនេះ។
លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា ការងាររបស់រថយន្តសម្អាតផ្លូវនៅក្នុងខេត្តបាត់ដំបងនេះ ពិតជាមានតម្លៃខ្លាំងណាស់ និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះ។ រថយន្តសម្អាតផ្លូវនេះបានធ្វើឱ្យដងវីថីក្នុងខេត្តស្អាត និងមានអនាម័យ។
គួរបញ្ជាក់ថា រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានចំនួន៤គ្រឿង ដែលពីរគ្រឿងបំពេញបេសកកម្មក្នុងរាជធានីភ្នំពេញ និងចំនួនពីរគ្រឿងទៀតបំពេញបេសកកម្មចល័តទូទាំង២៤ខេត្ត-ក្រុង៕