(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នេះ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនតាមរយៈនាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមមាន អង្ករ៥តោន ត្រីខ៣កេស មី១០០កេស សារុង១០០ ក្រម៉ា១០០ និងថវិកាចំនួន៥លានរៀល។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថា អំណោយមនុស្សធម៌ និងថវិកា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកមកផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត នៅពេលនេះ គឺដើម្បីឱ្យអនុសាខាមានលទ្ធភាពចុះជួយបន្ទាន់ដល់មូលដ្ឋាន ភូមិ-ឃុំ ក្នុងក្រុងបាវិត ជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទីទ័លក្រ និងមានបញ្ហាលំបាកផ្សេងៗ។
លោកបានថ្លែងបញ្ជាក់បន្ថែមទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីតំបន់ ជាពិសេសសម្តេចតែងយកចិត្តទុក្ខដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រ មានជីវភាពខ្វះខាត សម្តេចតែងឱ្យក្រុមការងារកាកបាទក្រហម ចុះទៅដល់មូលដ្ឋាន ដើម្បីនាំយកអំណោយមនុស្សធម៌ មានជាស្បៀងអាហារ សម្ភារ និងថវិកា ដើម្បីផ្តល់ជូនឱ្យពួកគាត់ដោះស្រាយជីវភាពមួយរយៈពេលខ្លី។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន គឺបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយភាពក្រីក្រ ពោលធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ដែលស្របទៅនឹងអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន៕