(បន្ទាយមានជ័យ)៖ ក្មេងទំនើង៣ក្រុម ជិះម៉ូតូដេញវាយគ្នាពេញផ្លូវជាតិ បង្កអសន្តិសុខយ៉ាងខ្លាំង ត្រូវបានអាវុធហត្ថ ក្រុងសិរីសោភ័ណនិងកងកំលាំងអន្តរាគមន៍ អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់។
លោកឧត្តសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងព្រឹកថ្ងៃទី២នេះថា ខណៈពេលកងកម្លាំងយើង ចុះប្រតិបត្តិការចេញល្បាត ក្នុងទីរួមខេត្តបន្ទាយមានជ័យ ដើម្បីចុះពង្រឹងសន្តិសុខ ជូនប្រជាពលរដ្ឋស្រាប់តែ ប្រទះនិងក្មេងទំនើង៣ក្រុម បានបង្កអសន្តិសុខ ឈ្លោះប្រកែកគ្នា និងជិះម៉ូតូដេញវាយគប់គ្នា យ៉ាងសាហាវពេញថ្នល់ជាតិ នៅម៉ោង៣៖០០នាទីទៀបភ្លឺ ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្លិបកំសាន្ត ហ្គោលថោន ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវបានអាវុធហត្ថ ក្រុងសិរីសោភ័ណ និងអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនបានចំនួន១០នាក់ និងម៉ូតូ៧គ្រឿង បញ្ជូនមកអាវុធហត្ថខេត្ត ដើម្បីធ្វើកាសាកសួរ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនហើយ លោកបានអញ្ជើញឪពុក-ម្តាយ ក្មេងទំនើងទាំងអស់នោះ ឲ្យមកចូលស្តាប់ការប្រព្រឹត្តខុស របស់ក្រុមក្មេងដែលបង្កអសន្តិសុខពេញផ្លូវជាតិ ហើយឲ្យឪពុកម្តាយក្មេងទំនើងទាំង១០នាក់នោះ ធ្វើកិច្ចសន្យានិងធានាកូនយកទៅអប់រំបន្ត៕