(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤។
សន្និបាតនេះ បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី-ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធលើយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មកពីទូទាំងរាជធានី-ខេត្ត យ៉ាងច្រើនផងដែរ។
បើយោងតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា នៅឆ្នាំ២០១៩ គឺជាការអុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ (ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) ដោយអនុវត្តច្បាប់ បង្ក្រាបបានចំនួន៩,៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ២០,៤៩០នាក់ រឹបអូសគ្រឿងញៀន បានចំនួន៧៥០គីឡូក្រាម គឺមានការកើនឡើង៣០ភាគរយ លើឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះករណីបទល្មើសគ្រឿងញៀនធំៗ ចាប់បាន០១គីឡូក្រាមឡើង មានចំនួន៦១ករណី បរិមាណគ្រឿងញៀន ចាប់យកមានចំនួនច្រើន (៧០០គីឡូក្រាម) បើគិតទៅលើគ្រឿងញៀន ដែលរឹបអូសបានក្នុងឆ្នាំ២០១៩ (៧០០គីឡូក្រាម/៧៥០គីឡូក្រាម) គឺស្មើនឹងជាង៩០ភាគរយ៕