(កណ្តាល)៖ ជនល្មើស២នាក់ឪពុក និងកូនប្រុស ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនពីបទប្រើអំពើហិង្សាដោយចេតនា លើជនរងគ្រោះ៣នាក់ដល់ផ្ទះ ក្រោយមានទំនាស់ពាក្យសំដីតាមទូរស័ព្ទ រឿងបបួលគ្នាជល់មាន់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ កើតហេតុនៅម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ជនរងគ្រោះមាន ៣នាក់៖ ១-ឈ្មោះ ស្រ៊ុន មករា ភេទ ប្រុសអាយុ៣៧ឆ្នាំ មុខរបរកសិករ, ២-ឈ្មោះ ស្រ៊ុន ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ និង៣-ឈ្មោះ បូណា គីមហ៊ី ភេទប្រុសអាយុ២០ឆ្នាំ ។ ចំណែកជនល្មើសមានចំនួន២នាក់៖ ១-ឈ្មោះ ជឺន រ៉ុមភេទ ប្រុស អាយុ៦០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន និង២-ឈ្មោះ រ៉ុម វណ្ណារិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកក្រុមហ៊ុន។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុខកើតហេតុ ឈ្មោះ បូណា គីមហ៊ី បានទូរស័ព្ទទៅឈ្មោះ រ៉ុម វណ្ណារ៉ា ដើម្បីណាត់គ្នាពីរឿងទៅជល់មាន់ នៅថ្ងៃស្អែក ពេលនោះក៏មានទំនាស់ពាក្យសំដីគ្នា តាមទូរស័ព្ទ ឯឈ្មោះ រ៉ុម វណ្ណារ៉ា និង រ៉ុម វណ្ណារិទ្ធ បានទៅសួរនាំឈ្មោះ បូណា គីមហ៊ី ដល់មុខផ្ទះ ក៏មានទំនាស់ពាក្យសំដីគ្នា ចូលវាយប្រតាយប្រតប់គ្នាទៅវិញទៅមក។ បន្ទាប់មកឈ្មោះ រ៉ុម វណ្ណារ៉ា មកប្រាប់ឪពុកឈ្មោះ ជឺន រ៉ុម ពេលមកដល់កន្លែងកើតហេតុ ឈ្មោះ ជឺន រ៉ុម ក៏ប្រតាយប្រតប់គ្នាម្តងទៀត ពេលនោះឈ្មោះ ជឺន រ៉ុម បានយកពិលឆក់ទៅឆក់លើជនរងគ្រោះ
ទាំង៣នាក់ខាងលើ បណ្តាលឲ្យរងគ្រោះ។ លើសពីនេះ ឈ្មោះ រ៉ុម វណ្ណារិទ្ធ បានទៅទាត់ជនរងគ្រោះ ឈ្មោះបូណា គីមហ៊ី ថែមទៀត។
ក្រោយមកកម្លាំងប៉ុស្តិ៍ក៏ បានចុះអន្តរាគន៍ឃាត់ខ្លួនជនល្មើស២នាក់ ឪពុក និងកូន ដើម្បីអនុវត្តតាមនីតិវិធី៕